(ប៉ារីស)៖ លទ្ធផលស្កេនរបួសកជើងរបស់កីឡាករខ្សែប្រយុទ្ធ Neymar មិនជាធ្ងន់ធ្ងរទេ ដោយត្រឹមរបួសគ្រិចប៉ុណ្ណោះ តែស្ថិតក្នុងដំណាក់កាលតាមដានក្នងរយៈពេល ៤៨ម៉ោងទៅមុខទៀត។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល វ័យ ២៨ឆ្នាំ Neymar ត្រូវបានគេសែងចេញនៅនាទីចុងម៉ោង ក្រោយពេលប៉ះទង្គិចគ្នាជា មួយ Thiago Mendes ដែលជាខ្សែបម្រើរបស់ Lyon ក្នុងប្រកួតកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលដែល Paris Saint-Germain បានចាញ់ក្រុមភ្ញៀវ Lyon ១-០ នៅកីឡដ្ឋាន Parc des Princes។

ក្លិបជើងឯករបស់បារាំងខាងលើនេះបានបញ្ជាក់ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា បញ្ហារបួសរបស់ Neymar នឹងមិនប៉ះពាល់ដល់ការប្រកួត UEFA Champions League ដែលនឹងត្រូវធ្វើឡើងនាខែកុម្ភះ ឆ្នាំ២០២១ ឡើយ ដែលត្រូវជួបអតីតក្លិបចាស់ FC Barcelona ដែលគេបានចាកចេញកាលពីឆ្នាំ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ។

Neymar ស៊ុតបាន ៩គ្រាប់ពីការចូលលេងបាន ១២ប្រកួតឲ្យ PSG នារដូវកាលនេះ និងក៏ជាកីឡាករសំខាន់ ១រូបដែលជួយក្លិប Paris ឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពី Champions League រដូវកាលមុនផងដែរ ក្រៅពីជួយក្លិបឈ្នះជើងឯក Ligue 1 បាន ៣សម័យជាប់ៗគ្នាដែរ៕