(ភ្នំពេញ)៖ ជំនួបរវាងអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ជាមួយអ្នកប្រយុទ្ធជើងខ្លាំងចិន Xie Wei នឹងមកដល់នារាត្រីថ្ងៃសុក្រចុងសប្ដាហ៍នេះ ក្នុងព្រឹត្តិការណ៍ ONE: COLLISION COURSE នាកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី ស្របពេល រតនា រំពឹងថា ការប្រកួតនេះនឹងមានម្នាក់ត្រូវសន្លប់។

ជើងខ្លាំងគុនខ្មែរវ័យ ៣៤ឆ្នាំខាងលើបាននិយាយថា «ក្នុងចិត្តខ្ញុំ គឺចង់ឲ្យការប្រកួតនេះអត់ដល់ ៣ទឹកទេ។ ខ្ញុំនឹងព្យាយាមបញ្ចប់ការប្រកួតជាមួយ Xie Wei ឲ្យបានលឿនបំផុតតាមលទ្ធភាពដែលអាចទៅរួច។ ភាគរយខ្ពស់បំផុតសម្រាប់ការប្រកួតខាងមុខនេះគឺអត់ចប់ ៣ទឹកទេ»។

ចាន់ រតនា សង្កត់ធ្ងន់ថា «ខ្ញុំស្គាល់ច្បាស់ហើយកីឡាករចិន Xie Wei ជាកីឡាករអន្ទះសាម្នាក់ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជារុលសម្រុកចូលវ៉ៃហើយ...។ ដូច្នេះខ្ញុំគិតថា ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង ព្រោះទាំងខ្ញុំ ទាំងគាត់អត់បណ្តោយពេលវេលាអូសន្លាយទេ»

គួរបញ្ជាក់ថា បច្ចុប្បន្ន ចាន់ រតនា កំពុងស្ថិតនៅប្រទេសសិង្ហបុរី ដើម្បីត្រៀមបង្ហាញខ្លួនជាថ្មី លើសង្វៀន ONE Championship ក្រោយខកខានជាង ១ឆ្នាំ ហើយគេក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការតតាំងជាមួយ Xie Wei ផងដែរ បន្ទាប់ពីសិក្សាល្អិតល្អន់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ។

យ៉ាងណាមិញម្ចាស់ក្លិបសិល្បៈខាងលើបានចាត់ទុកកីឡាករ Xie Wei ជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់ខ្លួន ដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នា នៅក្នុងព្រឹត្តិការណ៍ ONE: COLLISION COURSE ប្រទេសសិង្ហបុរី នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ៕