(ក្រុងឡុងដ៍)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Anthony Joshua ចង់ជួបជើងខ្លាំង Tyson Fury នៅដើមឆ្នាំ ក្រោយ បន្ទាប់ពីយកឈ្នះគូប្រជែងបុលហ្គារី Kubat Pulev កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

កីឡាករប្រដាល់សកលរបស់អង់គ្លេសទាំងពីរ Joshua និង Fury ពុំមានដែលមានប្រវត្តិជួបគ្នានាពេលកន្លងមកនោះទេ។ ការជួបគ្នាពួកគេអាចនឹងធ្វើឡើងនៅទឹកដីមជ្ឈឹមបូព៌ា នាខែឧសភា ឆ្នាំ២០២១។

ឆ្លើយតបទៅនឹងសំណើចង់ជួបរបស់ Joshua កីឡាករ Fury ក៏បានថ្លែងប្រាប់ BBC ផងដែរថា «ខ្ញុំរីករាយជានិច្ចក្នុងការវិលទៅកាន់សង្វៀន Finchley Boxing Club ម្តងទៀត ដើម្បីប៉ះជើងឯកម្ចាស់ខ្សែក្រវាត់ ABA, Joshua ដែលខ្ញុំ ទទួលស្គាល់ថា គាត់ជាជើងខ្លាំងពិតប្រាកដមួយរូប។ វាជាកិត្តិយសខ្លាំងណាស់ដែលបានជួប Joshua ម្តងទៀត។ ខ្ញុំនឹងយកជ័យជម្នះឲ្យទាល់តែបាន»

គួរបញ្ជាក់ផងដែរថា ទាំង Anthony Joshua និង Tyson Fury សុទ្ធសឹងជាអតីតម្ចាស់ខ្សែក្រវាត់ ៤ប្រភេទទម្ងន់ ធ្ងន់ លំដាប់ពិភពលោកដូចគ្នា។ កីឡាករអង់គ្លេស កម្ពស់ ១.៩៨ម៉ែត្រទើបតែបរាជ័យម្តងគត់ក្នុងចំណោម ប្រកួតបាន ២៥ ដង នៅពេលគូប្រជែង Fury ដែលមានកម្ពស់ ២.០៦ម៉ែត្របានកំពុងកាន់កំណត់ត្រាប្រកួត ៣១ដងមិនដែលចាញ់ ក្រៅពីស្មើតែម្តងគត់៕