(ភ្នំពេញ)៖ លោក Colum Curtis គ្រូបង្វឹកក្រុមវិសាខាបានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការនាំចូលកីឡាករ ធារី ចន្ថាប៊ីន សម្រាប់ត្រៀមរដូវកាលថ្មីឆ្នាំ២០២១ ហើយចាត់ទុកវត្តមានរបស់ខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ នឹងមានឥទ្ធិពលល្អលើក្រុម និងកីឡាករក្មេងៗដែលចង់ក្លាយខ្លួនជាកីឡាករអាជីព។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានបញ្ជាក់ថា «ការនាំ ធារី មកចូលរួមជាមួយយើងនៅរដូវកាល២០២១ គឺជាគោលដៅចម្បងរបស់យើង។ ពិតណាស់អ្នកទាំងអស់គ្នា ស្គាល់ច្បាស់ពីគុណភាពរបស់គាត់នៅលើទីលាន។ គាត់យល់ពីការប្រកួតបានល្អ អាចបញ្ជូនបាល់បានល្អ និងអាចលេងបានមិនថានៅតំបន់បម្រើ ឬការពារណ្ដាល។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺភាពជាកីឡាករអាជីព និងភាពជាអ្នកដឹកនាំរបស់គាត់»

បុរសទើបជួយវិសាខាលើកពាន Hun Sen Cup 2020 បន្ដថា «ខ្ញុំបានមើលឃើញចំណុចល្អទាំងនេះ ទោះបីខ្ញុំទើបបានធ្វើការរយៈពេលខ្លីជាមួយគាត់ (ធារី) ហើយខ្ញុំដឹងថាគុណភាពរបស់គាត់ទាំងនេះ នឹងមានឥទ្ធិពលល្អមកលើក្រុម និងកីឡាករយុវជនក្មេងៗរបស់យើង ដែលចង់ក្លាយខ្លួនជាកីឡាករអាជីព។ ខ្ញុំរីករាយណាស់ ដែលបាននាំគាត់មកចូលរួមក្រុម ហើយខ្ញុំច្បាស់ថា គាត់ប្រាកដជាជោគជ័យនៅទីនេះ»

គួរបញ្ជាក់ថា ធារី បានមកប្រកបអាជីពនៅកម្ពុជាដំបូង កាលពីឆ្នាំ២០១២ ជាមួយក្លិបភ្នំពេញក្រោន ហើយបានចំណាយពេល ៥ឆ្នាំ ជាមួយក្រុមសិង្ហក្រហមនេះ ដោយជួយក្រុមឈ្នះពានលីគ ២សម័យ (ឆ្នាំ២០១៤-២០១៥)។ បន្ទាប់មក ធារី បានចាកចេញនៅឆ្នាំ២០១៧ ទៅលេងនៅលីគទី២ ថៃ ជាមួយក្លិប Krabi FC ប៉ុន្ដែលេងបានពាក់កណ្ដាលរដូវកាល គេក៏ត្រឡប់មកលេងនៅកម្ពុជាវិញ ជាមួយក្លិបអគ្គិសនីកម្ពុជា។

៣រដូវកាលចុងក្រោយនេះ ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះបានទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី រួមមានលេងឲ្យក្លិប Terengganu FC ២រដូវកាល ដោយជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៥ នៅឆ្នាំ២០១៨ និងចំណាត់ថ្នាក់លេខ៧ នៅឆ្នាំ២០១៩។ រីឯឆ្នាំ២០២០ នេះ ធារី បានលេងឲ្យក្លិប Perak FC ហើយបានជួយក្រុមនេះ ឈរនៅចំណាត់ថ្នាក់លេខ៤ មុនចែកផ្លូវគ្នា ហើយត្រឡប់មកកម្ពុជាវិញជាលើកទី៣៕