(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple គ្រោងផលិត iPhone ឲ្យបានរហូតដល់៩៦លានគ្រឿងនៅក្នុងរយៈ៦ខែដំបូងនៃឆ្នាំ២០២១ ដែលជាកំណើនប្រមាន៣០ភាគរយ ធៀបនឹងឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

សារព័ត៌មាន Nikkei បានអះអាងថា បើយោងទៅតាមប្រភពព័ត៌មានដែលខ្លួនទទួលបាន គឺក្រុមហ៊ុន Apple បានស្នើឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួនផលិត iPhone ឲ្យបាន៩៥-៩៦លានគ្រឿង ក្នុងនោះរួមមានទាំងក្រុម iPhone 12 ដែលជាស៊េរីជំនាន់ចុងក្រោយបំផុត និងក្រុម iPhone មុនៗ ដូចជា iPhone 11 និង iPhone SE ក៏ប៉ុន្តែការខ្វះខាតនៃផ្នែកសំខាន់ៗណាមួយ នឹងអាចប៉ះពាល់ដល់គោលដៅនេះបាន។

គួរបញ្ជាក់ថា បើតាមការព្យាករណ៍ Apple គ្រោងផលិត iPhone សរុបឲ្យបាន២៣០លានគ្រឿង សម្រាប់ឆ្នាំ២០២១ទាំងមូល ក្នុងនោះរួមមានទាំងម៉ូដែលថ្មីៗ និងម៉ូដែលចាស់ៗ៕