(អាមេរិក)៖ ក្រុមហ៊ុនវីដេអូហ្គេមអាមេរិក Electornic Arts (EA) បានឈានដល់កិច្ចព្រមព្រៀងទិញក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមចក្រភពអង់គ្លេស Codemasters ក្នុងតម្លៃ១.២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
កិច្ចព្រមព្រៀងខាងលើត្រូវគេរំពឹងថានឹងសម្រេចជាស្ថាពរ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១ ជាមួយតម្លៃ៧.៩៨ដុល្លារក្នុងមួយភាគហ៊ុន ធ្វើឲ្យតម្លៃក្រុមហ៊ុន Codemasters ស្មើនឹង១.២ពាន់លានដុល្លារ។ កន្លងមក ក្រុមហ៊ុន Codemaster ត្រូវគេគិតថាអាចនឹងលក់ទៅឲ្យ ក្រុមហ៊ុនវីដេអូហ្គេមអាមេរិកមួយទៀតគឺ Take-Two Interactive Software ក្រោយពីបានចរចាគ្នាលើកិច្ចព្រមព្រៀងទំហំជិត១ពាន់លានដុល្លារកាលពីខែមុន ប៉ុន្តែឥឡូវត្រូវធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុន EA វិញ ដែលបានយល់ព្រមទិញក្នុងតម្លៃខ្ពស់ជាង។
គួរបញ្ជាក់ថា Codemasters គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមដ៏ចំណាស់បំផុតមួយរបស់ចក្រភពអង់គ្លេស ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៦។ ក្រុមហ៊ុននេះល្បីឈ្មោះខាងផលិតហ្គេមប្រណាំងរថយន្ត រួមមានដូចជា Grid, Dirt, Project Cars និង Formula One៕