(ហ្សាការតា)៖ លោក Jay Chen អគ្គនាយកក្រុមហ៊ុន Huawei ប្រចាំអាស៉ីប៉ាស៉ីហ្វិក បានថ្លែងថា ក្រុមហ៊ុន Huawei ប្តេជ្ញាធ្វើការជាមួយដៃគូជុំវិញពិភពលោក ដើម្បីគាំទ្រអាស៊ាន លើគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរ និងធ្វើសមាហរណកម្មឌីជីថលក្នុងតំបន់។
ថ្លែងតាមរយៈវេទិកាសាធារណៈលើអ៉ីនធឺណិត ដែលបានធ្វើឡើងនៅសប្តាហ៍មុននេះ លោក Jay Chen បានបង្ហាញការជឿជាក់ថា ការប្រើប្រាស់ចំណេះដឹងបច្ចេកវិទ្យា ទិន្នន័យ និងការធ្វើសមាហរណកម្មឌីជីថល នឹងជួយធ្វើសមកាលកម្មកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងបើកទ្វារឱ្យប្រទេសអាស៊ានពង្រឹងអំណាចសេដ្ឋកិច្ចពិតរបស់ខ្លួននៅក្នុងសកលសេដ្ឋកិច្ចឌីជីថលថ្មី។
លោកបន្ថែមទៀតថា «ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខគេ ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងឧបករណ៍ឆ្លាតវៃ, ក្រុមហ៊ុន Huawei ប្តេជ្ញាធ្វើការជាមួយដៃគូជុំវិញពិភពលោក ដើម្បីគាំទ្រប្រទេសអាស៊ាន លើគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរ និងធ្វើសមាហរណកម្មឌីជីថលក្នុងតំបន់»។
លោក Aladdin D. Rillo អគ្គលេខាធិការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ចអាស៊ាន បានថ្លែងថា ដើម្បីជំរុញការងើបឡើងវិញនៃតំបន់ក្នុងយុគសម័យក្រោយ Covid-19 អាស៊ានគួរតែពន្លឿនការធ្វើសមាហរណកម្មឌីជីថលរបស់ខ្លួន ដែលមានសក្តានុពលក្នុងការបង្កើតផលិតផលក្នុងស្រុក (GDP) សរុបជាង១ពាន់កោដិដុល្លារ នាឆ្នាំ២០២៥។
ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 សហគមន៍គោលនយោបាយការបរទេសឥណ្ឌូណេស៉ី (FPCI) បានសហការជាមួយក្រុមហ៊ុន Huawei ធ្វើកិច្ចពិភាក្សាអន្តរកម្មរវាងអ្នកធ្វើគោលនយោបាយ, អ្នកសិក្សា និងអ្នកជំនាញខាងឧស្សាហកម្ម ស្តីពីស្ថានភាពនៃការតភ្ជាប់ឌីជីថល, បញ្ហាប្រឈម និងសក្តានុពលឆ្ពោះទៅរកអាស៊ានឌីជីថលដ៍សម្បូរបែប។
លោក Aladdin D. Rillo បានពណ៌នាបន្ថែមថា «ខ្ញុំមើលទៅលើការតភ្ជាប់ និងការផ្លាស់ប្តូរឌីជីថល គឺជាអាទិភាពសំខាន់ និងជាបញ្ហាអន្តរវិស័យ ដែលជះឥទ្ធិពលដល់គ្រប់វិស័យទាំងអស់នៅក្នុងសេដ្ឋកិច្ច។ ដូច្នេះវាទាមទារឲ្យមានវិធីសាស្រ្តឆ្លើយតប ឬការចូលរួមរបស់ភាគីពាក់ព័ន្ធជាច្រើន។ ហើយនេះក៏តម្រូវឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ រួមទាំងវិស័យឯកជនដូចជាក្រុមហ៊ុន Huawei ផងដែរ»។
លោកបាននិយាយថា អាស៊ានត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់រាប់តាំងពីប្រទេស បណ្ឌិតសភា រហូតដល់វិស័យឯកជន រួមទាំងក្រុមហ៊ុនដូចជាក្រុមហ៊ុន Huawei ជាដើម ដើម្បីដោះស្រាយនូវចំណុចអាទិភាពមួយចំនួននៅក្នុងតំបន់ ដើម្បីធានាដល់ការផ្លាស់ប្តូរឌីជីថលនៅទីនេះ។
ចំណុចអាទិភាពទាំងនេះរួមមាន ការលើកកម្ពស់ជំនាញឌីជីថល លើកកម្ពស់ការគ្រប់គ្រងទិន្នន័យឌីជីថល និងពង្រឹងសន្តិសុខតាមអ៉ីនធឺណិតជាដើម។ កត្តាទាំងនេះអាចសម្រេចតាមរយៈលទ្ធភាពពីរយ៉ាង គឺទីមួយ ការចែករំលែកទិន្នន័យដើម្បីណែនាំគោលនយោបាយនិងផ្តល់សេវាសាធារណៈ និងទីពីរគឺ ការផ្តល់ដំណោះស្រាយឌីជីថលដើម្បីទទួលបានភាពរឹងមាំ។
អំឡុងពេលនៃជំងឺរាតត្បាត Covid-19 ផ្នែកបច្ចេកវិទ្យាពត៌មានវិទ្យា (ICT) បានដើរតួនាទីជាមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង និងជួយបន្ធូរបន្ថយផលប៉ះពាល់អវិជ្ជមានរបស់វា។ នៅទូទាំងតំបន់អាស៊ានឧស្សាហកម្មនានា បានចាប់ផ្តើមមានទំនុកចិត្តកាន់តែខ្លាំងឡើងថាបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នឹងក្លាយជាកម្លាំងរុញច្រានដ៏សំខាន់មួយ ក្នុងការពន្លឿនការងើបឡើងវិញរបស់សេដ្ឋកិច្ចក្រោយការឆ្លងជំងឺរាតត្បាត។ ការផ្លាស់ប្តូរឌីជីថល នឹងពង្រឹងការតភ្ជាប់ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែប្រសើរឡើង ដើម្បីទ្រទ្រង់និងរីកចម្រើនអាជីវកម្ម រដ្ឋាភិបាល និងសង្គម ដែលមានប្រជាជនចំនួន ៦៥០លាននាក់។
លោកបណ្ឌិត Dino Patti Djalal ស្ថាបនិកនិងជាអគ្គនាយក FPCI បានថ្លែងថា ការតភ្ជាប់ឌីជីថល កាន់តែមានភាពពាក់ព័ន្ធនៅពេលដែលជំងឺរាតត្បាត បានគ្របដណ្តប់លើពិភពលោកទាំងមូល។ ការស្រាវជ្រាវបានបង្ហាញថា បណ្តាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រឹងមាំនៃប្រព័ន្ធឌីជីថល អាចកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមាន រហូតដល់ពាក់កណ្តាលនៃផលវិបាកដែលបន្សល់ទុកពីការផ្ទុះឡើងនៃជំងឺរាតត្បាត។
លោកបន្តថា «ទាក់ទងនឹងឌីជីថល យើងត្រូវមានចំណេះដឹងផ្នែកឌីជីថល ការដំណើរការឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្ថែម។ ប្រសិនបើយើងទទួលបានអ្វីៗទាំងនេះត្រឹមត្រូវ យើងនឹងអាចសម្រេចបាននូវចក្ខុវិស័យនៃការអប់រំដោយសេរីមិនខាន។ អ្វីដែលសំខាន់បំផុតនោះ គឺការធ្វើសមាហរណកម្មនៃបទប្បញ្ញត្តិក្នុងចំណោមប្រទេសអាស៊ានទាំង១០ ទោះបីជាយើងមានចក្ខុវិស័យដើម្បីធ្វើឱ្យឌីជីថលអាស៊ានក៏ដោយ ប៉ុន្តែយើងនៅតែមានបញ្ហាប្រឈមដែលស្ថិតក្នុងបទប្បញ្ញត្តិជានិច្ច»។
«នៅពេលយើងដោះស្រាយបញ្ហាទាំងនេះ យើងនឹងអាចធ្វើឱ្យមានវឌ្ឍនភាពនិងការរីកចម្រើនយ៉ាងខ្លាំង»។ នេះបើតាមលោកអគ្គនាយក FPCI៕