(ភ្នំពេញ)៖ ដោយសារធ្លាប់ឆ្លងកាត់ជីវិតលំបាក រស់នៅក្នុងមណ្ឌលកុមារកំព្រា ទំរាំមានឱកាសបានក្លាយជាអ្នកសិល្បៈ និងជាតារាសម្តែងមានប្រជាប្រិយភាពរហូតដល់បច្ចុប្បន្ននេះ លោក លី សុខគីមសាន ហៅ ប្រុសខួច ហាក់មិនភ្លេចអតីតកាលពីកុមារភាពរបស់ខ្លួន ពោលគឺក្រៅពីការងារសិល្បៈ តារារូបនេះបានស្វះស្វែងរកជំនួយបន្តបន្ទាប់ ដើម្បីជួយដល់មណ្ឌលកុមារកំព្រា ដែលខ្លួនធ្លាប់រស់នៅ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្បិតថា បច្ចុប្បន្នកំពុងជួបការខ្វះខាត ដោយសារជំងឺកូវីដ១៩ វាយលុយ។
ប្រុសខួច ដែលទស្សនិកជនស្គាល់ថា ជាតួឯកប្រុសក្នុងរឿង «ឋានសួគ៌ទារុណ» របស់ទូរស្សន៍ហង្សមាស បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា មូលហេតុដែលនាំឲ្យលោកស្វះស្វែងខំរកជំនួយ ដើម្បីជួយដល់មណ្ឌលកុមារកំព្រា នៅខេត្តបន្ទាយមានជ័យ គឺដោយសារតែកាលពីមិនទាន់ចូលសិល្បៈ លោកធ្លាប់រស់នៅទីនោះដែរ ទើបលោកមិនអាចបំភ្លេចនូវភាពលំបាកដែលខ្លួនជួបប្រទះ ជាពិសេសកុមារកំព្រាដែលកំពុងរស់នៅទីនោះ គឺស្គាល់គ្រប់រសជាតិជីវិតតែម្តង មិនថាលំបាកបែបណាទេ។ អ្វីដែលសំខាន់ បច្ចុប្បន្ននេះកុមារៗនៅទីនោះ កំពុងតែខ្វះខាតសម្ភារៈសិក្សា ត្បិតគ្មានជំនួយពីសប្បុរសជនដូចរាល់ឆ្នាំ ព្រោះរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
លោកបន្តថា កត្តាទាំងនេះហើយ ទើបលោកប្រកាសស្វែងរកជំនួយ ទោះតិចឬច្រើនក្តី ឲ្យតែជាការជួយរបស់សប្បុរសជន គឺដើម្បីជួយឲ្យកុមារមានក្តីសង្ឃឹម មានសម្ភារៈសិក្សារសមរម្យឡើងវិញ។
ក្រោយពីប្រកាសបែបនេះ លោកសង្ឃឹមថា នឹងមានសប្បុរសជននានា ជួយឧបត្ថម្ភគាំទ្រ តាមរយៈការផ្តល់ជាជំនួយនានា ដល់មណ្ឌលកុមារកំព្រារ ដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ តាមរយៈគណនី ABA របស់លោកផ្ទាល់ គឺ 000320880។
គួរជម្រាបថា លោក លី សុខគីមសាន ហៅប្រុសខួច គឺជាតារាសម្តែងមួយរូប បានតស៊ូពុះពារឧបសគ្គជាច្រើនក្នុងជីវិត ទំរាំបានក្លាយជាតារាសម្តែងល្បីឈ្មោះដូចបច្ចុប្បន្ន។ មុនចូលសិល្បៈ លោកធ្លាប់ទៅរស់នៅ មណ្ឌលកុមារកំព្រារ ខេត្តបន្ទាយមានជ័យជាង៤ឆ្នាំ ដោយសារតែឪពុកម្ដាយបានបែកបាក់គ្នា ហើយក៏បានទៅធ្វើការនៅប្រទេសថៃ ក្រោយវិលប្រឡប់មកស្រុកកំណើតវិញ ក៏តស៊ូរហូតក្លាយជាតារាសម្តែង ទទួលបាន ប្រជាប្រិយភាពដូចបច្ចុប្បន្ន៕