(ពិភពលោក)៖ ទីផ្សារប្រេងឥន្ធនៈយន្តហោះ នៅលើពិភពលោក បានវិលត្រឡប់មកមានជីវិតឡើងវិញ, ដោយការងើបឡើងវិញនេះ តាមរយៈការមានឡើងវិញ នៅក្នុងតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស, ចរាចរណ៍នៃអ្នកធ្វើដំណើរមានជាបណ្តើរៗ ហើយរំពឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងជម្រុញឲ្យមានជើងហោះហើរអន្តរជាតិកាន់តែច្រើន នៅក្នុងឆ្នាំ២០២១, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ការរីករាលដាល នៃវីរ៉ុស COVID-19 បាននាំឲ្យការធ្វើដំណើរតាមផ្លូវអាកាស ស្ទើរតែផ្អាកទាំងស្រុង នៅក្នុងឆ្នាំនេះ ហើយអ្នកវិភាគបានឲ្យដឹងថា វាអាចត្រូវការពេលវេលាច្រើនឆ្នាំ មុនពេលដែលតម្លៃប្រេងឥន្ធនៈយន្តហោះ អាចវិលត្រឡប់ទៅដូចកម្រិត មុនពេលការរីករាលដាលនៃវីរ៉ុស។
ប៉ុន្តែការចម្រាញ់ប្រេងយកប្រាក់ចំណេញ ពីប្រេងឥន្ធនៈមានការកើនឡើង ក្នុងរយៈពេលជាច្រើនខែ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗទាំងអស់ នៅក្នុងខែធ្នូនេះ ដោយមានក្តីរំពឹងថា នឹងមានតម្រូវការកាន់តែច្រើន នៅក្នុងឆ្នាំ២០២១ ជាមួយនឹងកម្រិតប្រាក់ចំណេញ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានគាំទ្រ តាមរយៈការមានឡើងវិញ នៃទំហំការដឹកជញ្ជូនតាមផ្លូវអាកាស និង នៅតំបន់អាស៊ាន មានការគាំទ្រ តាមរយៈការមានឡើងវិញ នៃការធ្វើដំណើរ។
ការចម្រាញ់ប្រេងយន្តហោះ នៅតំបន់អាស៊ី ដែលជាទីផ្សារប្រេងកំពូលរបស់ពិភពលោកនោះ បានកើនឡើង៥៨០ភាគរយ ហើយតម្លៃនាំចេញ បានកើនឡើង៤៥ភាគរយ ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ទៅរកកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែមីនាមក។ ជើងហោះហើរក្នុងស្រុក បានចាប់ផ្តើមឡើងវិញ ដោយសារប្រទេសមួយចំនួន បានបន្ធូរបន្ថយការទប់ស្កាត់ជំងឺ COVID-19។
ការស្រាវជ្រាវ របស់ក្រុមហ៊ុន Wood Mackenzie នៅសិង្ហបុរី បានព្យាករណ៍ថា តម្រូវការប្រេងឥន្ធនៈយន្តហោះ នៅតំបន់អាស៊ាន នឹងមានចំនួន១,៤លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទី១ នៃឆ្នាំក្រោយ៕