(អាមេរិក)៖ បណ្ដាញសង្គមរូបភាពដ៏ល្បី Pinterest បានយល់ព្រមបង់ប្រាក់ ២២.៥លានដុល្លារអាមេរិក ដើម្បី បញ្ចប់បណ្ដឹង ពាក់ព័ន្ធករណីរើសអើងភេទ និងពណ៌សម្បុរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Francoise Brougher អតីតប្រធានប្រតិបត្តិ (COO) របស់ក្រុមហ៊ុន Pinterest ដែលត្រូវបានគេស្គាល់ថា ជាបណ្ដាញសង្គមរូបភាព និងសម្បូរទៅដោយអ្នកប្រើប្រាស់ជាស្ត្រី បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Pinterest កាលពីខែសីហា ឆ្នាំ២០២០ ពោលគឺ៤ខែបន្ទាប់ពីគាត់លាឈប់។

នៅក្នុងពាក្យបណ្ដឹង លោកស្រីបាននិយាយថា លោកស្រីទទួលបានប្រាក់បៀវត្សរិ៍ទាបជាងមិត្តរូមការងារ ហើយការទទួលបាន ប្រាក់ បៀវត្សរិ៍ទាបជាងនេះគឺបណ្ដាលមកពីក្រុមហ៊ុនមានការរើសអើសភេទ។ ជាមួយគ្នានោះផងដែរ លោកស្រី Brougher ក៏បានបន្ថែមថា លោកស្រីត្រូវបានគេដេញចេញពីកន្លែងប្រជុំ ដោយសារតែអំពើរើសអើងនេះ ហើយនៅក្នុងក្រុមហ៊ុនក៏មានការរើសអើសពណ៌ សម្បុរផងដែរ ជាពិសេសគឺពួកស្បែកខ្មៅ។

លោកស្រី Brougher បច្ចុប្បន្នមានវ័យ៥៥ឆ្នាំ និងបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Pinterest កាលពីខែមីនា ឆ្នាំ២០១៨ និងត្រូវបានគេដេញចេញ កាលពីខែមេសា ឆ្នាំ២០២០ ដោយកាលពីអំឡុងនោះ គឺគ្មាននរណាដឹងពីមូលហេតុនោះទេ។

គួរបញ្ជាក់ផងដែរថា លោកស្រី Brougher និងទទួលបានប្រាក់ ២០លានដុល្លារអាមេរិកពីក្រុមហ៊ុន Pinterest ដោយក្នុងនោះ ២.៥លានដុល្លារទៀតនឹងត្រូវបរិច្ចាគទៅកាន់ អង្គការដែលលើកកម្ពស់ស្ត្រី និងជនជាតិភាគតិច៕