(ម៉ានីល)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao បានថ្លែងថា រូបគេអាចឡើងសង្វៀនប្រដាល់បាន ២ប្រកួតសម្រាប់ឆ្នាំ២០២១ ទោះបីឈានចូលវ័យ ៤២ឆ្នាំក៏ដោយ។

កីឡាករប្រដាល់សកលដែលជានិម្មិតរូបរបស់ប្រទេសហ្វីលីពីន ដែលមានរហស្សនាម «Pac Man» ពុំមានដៃគូប្រកួតឡើយ គិតចាប់ពីបានផ្តួល Keith Thurman ដោយពិន្ទុដណ្តើមបានខ្សែក្រវាត់ WBA កាលពីឆ្នាំ២០១៩ មក។

Pacquiao ដែលឈានចូលវ័យ ៤២ឆ្នាំពេញលេញនាថ្ងៃទី១៧ ខែធ្នូស្អែកនេះបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា «យើងនៅតែមានការងារច្រើនក្នុងខែមីនាឆ្នាំក្រោយដែលធ្វើឲ្យខ្ញុំមិនទាន់អាចឡើងសង្វៀនបាននៅឡើយទេ តែខ្ញុំនៅតែអាចវ៉ៃបាន ២ប្រកួតសម្រាប់ឆ្នាំ២០២១»

ដំបូងឡើយ Manny Pacquiao ត្រូវបានគេផ្តូផ្គងឲ្យប៉ះជើងខ្លាំងវ៉ៃ ៣៧ដងមិនដែលចាញ់ Terence Crawford ក្នុងឆ្នាំ២០២០ នេះ ដោយមានដាក់ខ្សែក្រវាត់ WBO ថែមទៀត តែដោយសារវិបត្តិកូវីដ១៩ រីករាលដាលទូទាំងសកលលោកនោះ ក៏ស្ងាត់ទៅវិញ៕