(ភ្នំពេញ)៖ ក្រោយរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមបឹងកេត គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រុមជើងឯក ៤សម័យកាលនេះ បានសម្រេចបន្ដកុងត្រាខ្សែការពារសញ្ជាតិកូឌឺវ័រ Anderson Zogbe ២រដូវកាលបន្ថែមទៀត រហូតដល់ឆ្នាំ២០២២។
អតីតខ្សែការពារណាហ្គាវើលដ៏នេះបានចូលរួមជាមួយបឹងកេត នៅឆ្នាំ២០២០។ Anderson គឺជាខ្សែការពារដ៏រឹងមាំ និងបានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួត រហូតជួយក្រុមនាគខៀវបឹងកេត ឈ្នះពានលីគកំពូលកម្ពុជា ជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ម្ដងឡើយ។
Anderson គឺជាកីឡាករបរទេសទី២ ដែលបឹងកេតបានបន្ដកុងត្រា បន្ទាប់ពីខ្សែការពារសញ្ជាតិជប៉ុន Mizuno Hikaru។ រីឯកីឡាករបរទេស ៣រូបទៀត ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ រួមមានប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូង Mothusi Gopane, ខ្សែបម្រើជនជាតិជប៉ុន Kanta Yamazaki, និងខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata ដែលខ្ចីជើងពីក្លិបអង្គរថាយហ្គឺរ ក្នុងជើងទី២ ឆ្នាំ២០២០។
សូមបញ្ជាក់ថា ខ្សែការការពារវ័យ ២៦ឆ្នាំខាងលើ បានមកប្រកបអាជីពបាល់ទាត់កម្ពុជា កាលពីឆ្នាំ២០១៥ ដោយចូលរួមជាមួយក្លិបណាហ្គាវើលដ៏ មុនផ្ទេរទៅក្លិបកងយោធពលខេមរភូមិន្ទ បានមួយរយៈពេលខ្លី ហើយក៏ត្រឡប់មកក្លិបចាស់វិញ រហូតជួយក្រុមលោក មាស ចាន់ណា គ្រងជើងឯកលីគក្នុងឆ្នាំ២០១៨ មុនផ្លាស់ទៅក្លិបបឹងកេត នៅដើមឆ្នាំ២០២០ និងបន្ដកុងត្រា ២ឆ្នាំបន្ថែម ជាមួយក្រុមមានមូលដ្ឋាននៅបឹងស្នោរនេះ៕