(អៀរឡង់)៖ ក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Twitter ទើបត្រូវបានគណៈកម្មការការពារទិន្នន័យ (DCP) របស់សហភាពអឺរ៉ុប (EU) ដែលមានមូលដ្ឋានក្នុងប្រទេសអៀរឡង់ ផាកពិន័យជាថវិកាចំនួន៤៥០,០០០អឺរ៉ូ ដែលស្មើនឹងជិត៥៥០,០០០ដុល្លារអាមេរិក ដោយសារតែការរំលោភលើច្បាប់ការពារទិន្ន័យអ្នកប្រើប្រាស់របស់ EU ហៅកាត់ថា GDPR។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
វាគឺជាលើកដំបូងហើយដែលគណៈកម្មការ DCP បានដាក់ពិន័យលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយបែបនេះ នៅក្រោមច្បាប់ GDPR។ គណៈកម្មការការពារទិន្នន័យអឺរ៉ុបបានសម្រេចថា ក្រុមហ៊ុន Twitter បានបរាជ័យក្នុងការជូនដំណឹងមកកាន់ខ្លួនក្នុងចន្លោះពេល៧២ម៉ោង ក្រោយការរកឃើញករណីលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់មួយ កាលពីខែមករា ឆ្នាំ២០១៩ ហើយ Twitter ក៏មិនបានចងក្រងជាឯកសារឲ្យច្បាស់លាស់អំពីអ្វីដែលបានកើតឡើងថែមទៀតផង។
គួរបញ្ជាក់ថា ក្រុមហ៊ុន Twitter ក៏បានទទួលយកការសម្រេចផាកពិន័យរបស់សហភាពអឺរ៉ុបផងដែរ។ ការលេចទិន្នន័យខាងលើ គឺទាក់ទងនឹងបញ្ហាមួយដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ Twitter នៅលើប្រព័ន្ធប្រតិបត្តិការ Android។ បញ្ហានោះបានបង្កឲ្យពេលខ្លះសាររបស់អ្នកប្រើ ត្រូវបង្ហាញជាសាធារណៈ (Public) បើទោះបីជាពួកបានកំណត់ជាលក្ខណៈឯកជន (Private) ក៏ដោយ៕