(ភ្នំពេញ)៖ ដើម្បីចូលរួមថែរក្សាលើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ «ព្រះនាងឥន្ទ្រទេវី» ឆ្នាំ២០២១។ នេះជាឱកាសដ៏ល្អមួយសម្រាប់កុលបុត្រ-កុលធីតាខ្មែរ ដែលមានទេពកោសល្យ និងចំណង់ចំណូលចិត្តផ្នែកអក្សរសិល្ប៍ តែងនិពន្ធ អាចបញ្ចេញស្នាដៃរបស់ខ្លួនបាន តាមរយៈការចូលរួមប្រឡង មានប្រធានបទទូទៅដោយសេរី។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ដែលបង្ហាញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានគឺបង្ហាញថា បេក្ខជនដែលមានចំណាប់អារម្មណ៍បញ្ចេញស្នាដៃ អាចចូលរួមប្រកួតតាមរយៈការសរសេរប្រលោមលោក តាមប្រធានបទនានាដោយសេរី ខណៈការសរសេរ គឺនៅចន្លោះពី ១៥ទៅ៣០ទំព័រ លើក្រដាសទំហំ A4។

ជាពិសេស ផ្ទៃរឿងទាំងមូល គឺត្រូវមានលក្ខណៈសមស្របនូវចំណុះសំខាន់ៗ៣ គឺអត្ថន័យ ដែលបង្ហាញពី សច្ចធម៌ សីលធម៌ និងគុណធម៌, អត្ថរូប បង្ហាញពីវិធីតែង រចនាបថ និងសិល្ប៍សោភ័ណ និងអត្ថរស បង្ហាញឲ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សារតម្លៃអត្តសញ្ញាណជាតិ។

គួរជម្រាបថា ការប្រកួតនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទទួលស្នាដៃចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានពានមាស១ អមជាមួយទឹកប្រាក់, ម្ចាស់ជ័យលាភីលេខ២ នឹងទទួលបានពានប្រាក់១ អមជាមួយទឹកប្រាក់ និងម្ចាស់ជ័យលាភីលេខ៣ នឹងទទួលបានពានសំរិទ្ធ១ អមជាមួយទឹកប្រាក់៕