(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញកីឡាករចំណូលថ្មី ១រូបទៀតហើយ គឺខ្សែបម្រើប្រយុទ្ធជនជាតិជប៉ុន Kosuke Yamazaki ដែលជាសមាជិកថ្មីទី៦ ដោយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះបាននាំចូល សម្រាប់ត្រៀមរដូវកាលថ្មីឆ្នាំ២០២១ ខាងមុខ។
ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះធ្លាប់មានបទពិសោធជោគជាំលើទីលាននៅតំបន់អាស៊ីអាគ្នេយ៍។ Kosuke បានផ្ដើមអាជីពបាល់ទាត់ជាមួយក្រុមនៅលីគទី២ ជប៉ុនរួមមានក្លិប Oita Trinita និង FC Ryukyu កាលពីឆ្នាំ២០១០-២០១២។ បន្ទាប់មកគេបានចេញមកលេងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ គ្រាដែលចុងក្រោយលេងឲ្យក្លិប Barito Putera នៃលីគកំពូលឥណ្ឌូនេស៊ី មុនផ្ទេរមកក្លិបអង្គរថាយហ្គឺរ។
ជុំវិញការផ្ទេរមកកាន់ទឹកដីអង្គរនេះ ក្លិបចំណាត់ថ្នាក់លេខ៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ខាងលើ បានសម្ដែងការស្វាគមន៍ និងសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានរបស់កីឡាករ Kosuke Yamazaki នឹងរួមចំណែកជួយក្រុមទទួលបានជោគជ័យនារដូវកាលថ្មីខាងមុខ។
គួរបញ្ជាក់ថា ក្រោយប្រកាសចែកផ្លូវជាមួយកីឡាករ ១១នាក់ជាបន្ដបន្ទាប់កាលពីថ្មីៗ មកទល់ពេលនេះ អង្គរថាយហ្គឺរ បានប្រកាសនាំចូលសមាជិកថ្មី ៦នាក់ហើយ ពោលគឺក្រៅពីខ្សែបម្រើសញ្ជាតិជប៉ុន Kosuke Yamazaki គឺមានកីឡាករ ស្រាំង ទិត្យឈី, ចាន់ សុភា, ឡុង ម៉េងហាវ, អ្នកចាំទី ជា វណ្ណសាក់ និងកីឡាករសញ្ជាតិតុងហ្គា ATA Inia ដែលផ្ទេរមកពីក្លិបលីគទី២ ប្រទេសអូស្ដ្រាលី៕