(ភ្នំពេញ)៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានបង្ហាញសមាជិកថ្មី ៥រូបព្រមគ្នានៅរសៀលថ្ងៃពុធនេះ ដើម្បីត្រៀមរដូវកាលឆ្នាំ២០២១ ខាងមុខ។ ទន្ទឹមជាមួយគ្នា អតីតក្រុមជើងឯកឆ្នាំ២០១៨ ក៏បានប្រកាសបន្ដកិច្ចសន្យាថ្មីដល់កីឡាករប្រេស៊ីលម្នាក់ផងដែរ គឺខ្សែប្រយុទ្ធ Marques Marcio។

កីឡាករចំណូលថ្មីដែលណាហ្គាវើលដ៏បានប្រកាសថ្ងៃនេះ សុទ្ធតែកីឡាករក្នុងស្រុក និងមានបទពិសោធ រួមមានកីឡាករ នុប តុលា, នេន សុធារដ្ឋ និង សំអឿន ពិដោរ ដែលផ្ទេរមកពីក្លិបព្រះខ័នរាជស្វាយរៀង។ កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ និង តាំង សុភ័ក្រ ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ។

នេះគឺជាលើកដំបូងហើយដែលណាហ្គា បានបង្ហាញសមាជិកថ្មីសម្រាប់រដូវកាលក្រោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងនោះ គឺក្រុមរហស្សនាមនាគមាសនេះ មិនទាន់ប្រកាសចែកផ្លូវជាមួយកីឡាករណាម្នាក់ឡើយ គ្រាដែលខ្សែប្រយុទ្ធ Marcio គឺជាកីឡាករបរទេសដំបូងដែលក្រុមចំណាត់ថ្នាក់លេខ៦ នេះបានប្រកាសបន្ដកិច្ចសន្យាថ្មី៕