(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា បានដាក់ឲ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ ទៅក្រៅប្រទេសថ្មីមួយ គឺសេវា EMQ ដែលនឹងផ្ដល់ឲ្យអតិថិជននូវបទពិសោធន៍ផ្ទេរប្រាក់ កាន់តែងាយស្រួល និងចំណេញជាងមុន។

EMQ គឺជាបណ្តាញទូទាត់ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ី ដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ឆ្លងប្រទេស យ៉ាងរលូនដោយផ្តល់នូវដំណោះស្រាយ ហិរញ្ញវត្ថុលឿនជាងមុន មានតម្លៃថោកជាងមុន និងមានតម្លាភាពជាងមុនសម្រាប់អតិថិជនទាំងបុគ្គលនិងលក្ខណៈអាជីវកម្ម នៅទូទាំងពិភពលោក។

ប្រតិបត្តិការ EMQ បច្ចុប្បន្នបានត្រូវបានប្រើប្រាស់ កាន់តែទូលំទូលាយនៅអឺរ៉ុប ចិន ហុងកុង សិង្ហបុរី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម កម្ពុជា ថៃ តៃវ៉ាន់ និងហ្វីលីពីនជាមួយគម្រោងពង្រីកដំណើរការ នៅទីផ្សារសំខាន់ៗមួយចំនួនទៀត ដូចជានៅនៅមជ្ឈឹមបូព៌ាអាហ្វ្រិក និងអាមេរិក។

សូមបញ្ជាក់ថា សម្រាប់ជំហានដំបូង នៃការដាក់ឲ្យប្រើសេវា EMQ នេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ ទៅកាន់ប្រទេសហ្វីលីពីន ក្នុងតម្លៃទាបបំផុតគឺត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ សម្រាប់ប្រតិបត្តិការមួយលើក ដោយអតិថិជនអាចមកធ្វើប្រតិបត្តិការ នៅទីស្នាក់ការកណ្ដាលរបស់ធនាគារកាណាឌីយ៉ា តែមួយសិនប៉ុណ្ណោះ។

ក្នុងពេលឆាប់ៗនេះ ធនាគារកាណាឌីយ៉ា នឹងពង្រីកការផ្ដល់សេវានេះ សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសជាច្រើនទៀត នៅលើពិភពលោក។

ក្រៅពីសេវា EMQ បច្ចុប្បន្នធនាគារកាណាឌីយ៉ា មានផ្ដល់ជូនសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស តាមរយៈមធ្យោបាយជាច្រើនទៀត ដូចជាសេវា Money Gram, SWIFT, និងសេវាធនាគារតាមទូរស័ព្ទ (Canadia Mobile Banking) ជាដើម៕