(សិង្ហបុរី)៖ ក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងអាមេរិក Zoom នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួននឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ថ្មីមួយ នៅលើទឹកដីនៃប្រទេសសិង្ហបុរី នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន Zoom បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ផែនការខាងលើសម្តែងឲ្យឃើញពីការវិនិយោគប្រកបដោយយុទ្ធសាស្រ្ត ដែលកាន់តែរីកធំឡើងៗនៅក្នុងប្រទេសសិង្ហបុរី ជាទីដែល Zoom មានវត្តមានប្រមាណជា២ឆ្នាំមកហើយ ហើយម៉្យាងវិញវាក៏ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តរបស់ Zoom ក្នុងការបន្តអភិវឌ្ឍបច្ចេកវិទ្យាផ្នែកទំនាក់ទំនងរបស់ខ្លួន នៅតាមកន្លែងជាច្រើនជុំវិញពិភពលោកផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Zoom មជ្ឈមណ្ឌលថ្មីខាងលើ នឹងបម្រើជាប្រយោជន៍បន្ថែមមួយកម្រិតទៀតពីលើមជ្ឈមណ្ឌល R&D ដែល Zoom មានស្រាប់នៅក្នុងសហរដ្ឋអាមេរិក ឥណ្ឌា និងចិន។ គេសង្កេតឃើញថា Zoom ដែលផ្តល់សេវាកម្មជជែកពិភាក្សាតាមបច្ចេកវិទ្យាវីដេអូខល (Video Call) ទទួលបានប្រាក់ចំណូលកើនឡើងជាខ្លាំង ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនក៏បានហក់ឡើងខ្ពស់ផងដែរ ក្នុងឆ្នាំ២០២០នេះ ដោយសារតែតម្រូវនៃសេវាទំនាក់ទំនងតាមវីដេអូ នៅចំពោះមុខវិបត្តិជំងឺ COVID-19 ដែលតម្រូវឲ្យមនុស្សគ្រប់គ្នាអនុវត្តវិធានគម្លាតសុវត្ថិភាព៕