(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ធនាគារ ព្រីនស៍ ម.ក បានផ្តល់ម៉ាសចំនួន១,១៧០ប្រអប់ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ បន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍ ការឆ្លងជាសហគមន៍ ២៨ វិច្ឆិកា។

កម្មវិធីប្រគល់ម៉ាសនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារជាច្រើនរូបផងដែរ។

កម្មវិធីមនុស្សធម៌នេះ បង្ហាញឲ្យឃើញពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកុមារតូចៗ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។

បន្ថែមពីលើនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្ត និងគោលជំហរយ៉ាងច្បាស់លាស់របស់ធនាគារ ព្រីនស៍ ក្នុងការជួយដល់ប្រទេសកម្ពុជា លើគ្រប់វិស័យ បើទោះជាស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩នេះក៏ដោយ។

គួរឲ្យរំលឹកផងដែរថា បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ កំពុងធ្វើយុទ្ធនាការបរិច្ចាគ «យើងរួមគ្នាដើម្បីកម្ពុជា» ក្នុងគោលបំណងប្រមូលមូលនិធិ ជួយដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។

សប្បុរសជនទាំងអស់ អាចចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ តាមរយៈ Prince Bank App ប្រព័ន្ធបាគង និងប្រព័ន្ធ Retail Pay ដោយធ្វើការផ្ទេរប្រាក់ ទៅកាន់គណនីខាងក្រោម៖

* ឈ្មោះគណនី (ប្រាក់រៀល)៖ Cambodians For Cambodia (Vaccine)
* លេខគណនី (ប្រាក់រៀល)៖ 111777888
* ឈ្មោះគណនី (ដុល្លារអាមេរិក)៖ Cambodians For Cambodia (Vaccine)
* លេខគណនី (ដុល្លារអាមេរិក)៖ 666777888៕