(ភ្នំពេញ)៖ ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Group នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ កម្មវិធីដឹកជញ្ជូនអាហារ និងភេសជ្ជៈ តាមទូរស័ព្ទរបស់ខ្លួន គឺ HungryApp™ នៅហាង ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង១។

ពិធីសម្ពោធជាផ្លូវការនៃ HungryApp™ ប្រារព្ធឡើងដោយមានពិធីកាត់ខ្សែបូររួមគ្នារវាងក្រុមហ៊ុន EFG និង RMA Cambodia និងមានការចូលរួមពីគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងដៃគូសហការ និងភ្ញៀវជាង២០០នាក់ទៀត មកពីប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា តាមរយៈវីដេអូផ្សាយផ្ទាល់ផងដែរ។

លោក Nicolas Martin អគ្គនាយក HungryApp™ បានលើកឡើងថា ចក្ខុវិស័យរបស់ HungryApp™ គឺនាំជូននូវភាពសប្បាយរីករាយដល់អតិថិជនតាមរយៈ៣ចំនុច សំខាន់ៗគឺ ការដឹកជញ្ជូនរហ័សទាន់ចិត្ត ភាពងាយស្រួលដែលអតិថិជនអាចកុម្ម៉ង់ពីភោជនីយដ្ឋានផ្សេងៗគ្នាក្នុងពេលតែមួយ និងផ្ដល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។

បច្ចុប្បន្ននេះ HungryApp™ មានហាងល្បីៗលំដាប់អន្ដរជាតិជាដៃគូរដូចជា៖ ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) , ហាង ដឹ កូហ្វី ក្លិប (The Coffee Club), ហាងការ៉េមស្វិនសិន (Swensen’s), ហាងការ៉េមឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម (Krispy Kreme), បាប៊ី ឃ្យូ ផ្លាហ្សា (Bar. B. Q Plaza), កូកាកូឡា (Coca-Cola) និង ស្រាបៀរសឹង្ហារ (Singha Beer)។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp™ មានជម្រើសទូទាត់ជាច្រើន និងមានរហូតទៅដល់៣ភាសាដូចជា ខ្មែរ អង់គ្លេស និងចិន។

លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី បានឱ្យដឹងដែរថា កម្មវិធីទូរស័ព្ទដៃ HungryApp™ នឹងបង្កើនភាពងាយស្រួល ផ្ដល់ជូនអតិថិជនក្នុងការកុម្ម៉ង់ អាហារ និងភេសជ្ជៈពីហាងទាំងអស់របស់ អ៊ី អេហ្វ ជី។ ម្យ៉ាងទៀតការដាក់ឲ្យប្រើប្រាស់ HungryApp™ នេះបានបង្ហាញពីនវានិវត្តន៍របស់ក្រុមហ៊ុន ក្នុងការផ្ដល់នូវភាព ងាយស្រួល និងភាពសប្បាយរីករាយដល់អតិថិជន និងការវិវត្តទៅមុខឥតឈប់ឈរ។

ក្រៅពីចំណុចសំខាន់ៗខាងលើ HungryApp™ ក៏ផ្ដល់ជូននូវគុណភាពស្ដង់ដារខ្ពស់ ដោយបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលទាំងផ្នែក អនាម័យ ការផ្ដល់សេវាកម្មដល់អតិថិជន និងការគោរពពេលវេលា។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp™ បានដាក់ចេញនូវមុខងារ “Contactless Delivery and Payment” ដែលផ្ដល់ភាពងាយស្រួល អនាម័យ និងសុវត្ថិភាពសម្រាប់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា HungryApp™ នឹងពង្រីកសេវាកម្មរបស់ខ្លួននៅទូទាំងទីក្រុងភ្នំពេញក្នុងខែមករា ឆ្នាំ២០២១ ហើយនឹងឆ្ពោះទៅកាន់គ្រប់ខេត្ត ក្រុង នៅទូទាំងប្រទេស ត្រឹមពាក់កណ្ដាលឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីពិសេសៗជាច្រើននឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ ដែលមានដូចជា៖ កម្មវិធីផ្ដល់រង្វាន់ដល់សមាជិក HungryApp™ និងការដាក់បញ្ចូលមុខម្ហូបថ្មីៗជាដើម ហើយ HungryApp™ ក៏គ្រោងដាក់ដំណើរការ Appរបស់ខ្លួន ទៅប្រទេសមីយ៉ាន់ម៉ា និងឡាវផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី HungryApp™ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ facebook.com/hungryappasia, or visit efg.rmagroup.net ឬដោនឡូតតាមរយៈ App Store និង Google Play Storeតាមរយៈលីង៖ https://get.hungryapp.asia/