(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃពុធនេះបានប្រកាសនូវបញ្ជីឈ្មោះក្លិប ដែលទទួលបានអាជ្ញាបណ្ណក្លិបអាជីព (AFC Club Licensing) សម្រាប់ចូលរួមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2021 ក្នុងនោះក៏មានក្លិបបាល់ទាត់កម្ពុជាចំនួន៥ ផងដែរ។

ក្លិបបាល់ទាត់កម្ពុជាទាំង៥ ដែលទទួលបានអាជ្ញាបណ្ណ និងទទួលស្គាល់ដោយ AFC ក្នុងចំណោមប្រទេសជាសមាជិកទាំង៤៧ រួមមានក្លិបបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងអង្គរថាយហ្គឺរ។ នេះគឺជាចំនួនមួយដ៏ច្រើន បើធៀបនឹងឆ្នាំមុនៗដែលក្លិបបាល់ទាត់កម្ពុជា បានទទួលអាជ្ញាបណ្ណខាងលើ។

យ៉ាងណាមិញក្នុងចំណោមក្លិបកម្ពុជាដែលទទួលបានអាជ្ញាបណ្ណនេះគឺមាន ២ក្លិបប៉ុណ្ណោះ ដែលទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់ AFC Cup 2021 គឺក្លិបបឹងកេត ដែលទទួលបានកៅអីវគ្គជម្រុះក្នុងពូលតំបន់ (Group Stage) និងក្លិបវិសាខា ដែលទទួលបានកៅអីវគ្គជម្រុះបឋម (Play-off) ក្នុងតំបន់៕