(ទីក្រុង Muscat)៖ ទីក្រុង DOHA នៃប្រទេសកាតា បានទទួលសិទ្ធិធ្វេីម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ (Asian Games 2030) បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅទីក្រុង Muscat ប្រទេសអូម៉ង់ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ការបោះឆ្នោតនេះធ្វើឡើងក្នុងមហាសន្និបាតរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) តាមរយៈ Video Conference ដែលមានសមាជិកចំនួន ៤៥ប្រទេសចូលរួម និងធ្វើការបោះឆ្នោត ក្នុងនោះក៏មានការចូលរួមពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ដែលចូលរួមដោយលោកបណ្ឌិត ថោង ខុន ជាប្រធាន, លោកឧត្តមសេនីយ៍ សៅ សុខា ជាអនុប្រធាន និងលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ។
ចំពោះបេក្ខភាពឈរឈ្មោះប្រជែងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះគឺមាន២ រួមមានទីក្រុង DOHA ប្រទេសកាតា និងទីក្រុង Riyadh ប្រទេសអារ៉ាប់រួម។ ជាលទ្ធផលទីក្រុង DOHA បានទទួលសំឡេងឆ្នោតគាំទ្រច្រើនជាងគេ ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអាស៊ី ជាលើកទី២ បន្ទាប់ពីកាតាធ្លាប់ធ្វើម្ចាស់ផ្ទះម្ដងកាលពីឆ្នាំ២០០៦ គ្រាដែលទីក្រុង Riyadh ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី ឆ្នាំ២០៣៤ វិញ។
ប៉ុន្ដែមុនឈានដល់ការប្រកួតកីឡាអាស៊ី លើកទី២១ នៅទីក្រុង DOHA ត្រូវឆ្លងកាត់ការប្រកួតចំនួន២ លើកទៀតសិន ពោលគឺព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន និងការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន៕