(អាមេរិក)៖ វាមិនមែនជាសង្គ្រាមនោះទេ ប៉ុន្តែវាជាការរិះគន់ចំៗតែម្ដង ក្រោយពេលក្រុមហ៊ុន Apple ប្រកាសដាក់ចេញនូវច្បាប់ ថ្មី នៅលើ App Store ក្នុងគោលដៅផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងដើម្បីពង្រីងសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ (Developers)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Washington Post នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Facebook បានផ្ទុះនូវមតិរិះគន់ចំៗមកលើក្រុមហ៊ុន Apple ចំពោះការដាក់ចេញនូវគោលការណ៍ ក៏ដូចជាច្បាប់ថ្មី ដែល ផ្ដល់ សិទ្ធិ ឱ្យអ្នកប្រើប្រាស់អាចបិទ ឬរារាំងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ App ដែលពួកគេកំពុងប្រើបាន។

ក្រុមហ៊ុន Facebook បាននិយាយថា ការដាក់ចេញច្បាប់ថ្មីរបស់ Apple វាហាក់បីដូចជាកំពុងសម្លាប់ក្រុមហ៊ុនអាជីវកម្មតូចៗ ឬ សម្លាប់អ្នកដែលទើបនឹងចាប់ផ្ដើមផលិតកម្មវិធី។

តាមការស្រាវជ្រាវផ្ទៃក្នុងរបស់ Facebook បានរកឃើញថា អាជីវកម្មតូចៗអាចរកផលចំណេញបានប្រមាណជា ៦០ភាគរយពី ការ លក់របស់ពួកគេនៅលើ App Store បើសិនជាពួកគេមិនប្រើប្រាស់ច្បាប់ថ្មីរបស់ Apple ប៉ុន្តែបើសិនជាអនុវត្តតាមច្បាប់ថ្មីនោះ ពួកគេអាចនឹងស្លាប់បាន។

មួយវិញទៀត ក្រុមហ៊ុន Facebook បាននិយាយថា ការចេញច្បាប់ថ្មីនេះ គឺក្រុមហ៊ុន Apple កំពុងតែបង្ហាញឥរិយាបទថាប្រឆាំង នឹងការប្រកួតប្រជែងដោយការគ្រប់គ្រង់នៅលើ App Store និងដើម្បី ទទួលបានផលប្រយោជន៍ពីក្រុមអ្នកអភិវឌ្ឍន៍ ព្រមទាំង អាជីវកម្មខ្នាតតូចៗ។

គួរបញ្ជាក់ផងដែរថា លោក Craig Federighi អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មសូហ្វវែរនៅក្រុមហ៊ុន Apple បានឱ្យដឹងថា ការដែលតម្រូវឱ្យអ្នកអភវិឌ្ឍន៍គោរពតាមស្តង់ដារនោះ គឺជារឿងល្អបំផុត បើសិនជាពួកគាត់ស្វែងយល់ពីច្បាប់ថ្មីនេះឱ្យបានលម្អិត៕