(លីវើភូល)៖ ១គ្រាប់របស់កីឡាករខ្សែប្រយុទ្ធ Roberto Firmino នៅនាទី៩០ ក្នុងជ័យជម្នះ ២-១ ទៅលើក្រុមមាន់ខ្នាយមាស Tottenham Hotspur ធ្វើឲ្យក្រុមការពារតំណែងជើងឯក Liverpool វិលទៅកាន់តំណែងកំពូលតារាង Premier League គិតត្រឹមសប្តាហ៍ទី១៣ ជើងទី១។

នៅទីបំផុតក្រុមរបស់លោក Jose Mourinho នៅតែមិនអាចយកពិន្ទុចេញពីកីឡដ្ឋាន Anfield ដដែលគិតចាប់តាំងពីឆ្នាំ២០១៨ សូម្បីតែស្មើ ជាមួយនឹងការខកចិត្តនៅ UEFA Champions League នៃវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ នៅទឹកដីនៃប្រទេសអេស្ប៉ាញផងដែរ។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah ជាអ្នករកបានគ្រាប់នាំមុខនៅនាទី២៦ មុនពេលកីឡាករកំពុងឡើងជើង Son-Hueng-min ជួយឲ្យ Spurs តាមស្មើ ១-១ តែត្រូវបាន Roberto Firmino រកបានគ្រាប់ជ័យជម្នះឲ្យហង្សក្រហម Liverpool ក្នុងនាទី៩០ ចុងម៉ោង។

៣ពិន្ទុក្នុងដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp កើនពិន្ទុដល់ ២៨ពិន្ទុ ដើម្បីឡើងទៅឈរនៅតំណែងកំពូលតារាង Premier League វិញនៅពេល Spurs ធ្លាក់មកឈរលេខ២ ដែលមាន ២៥ពិន្ទុ ហើយវាក៏ជាការបរាជ័យលើកដំបូងក្នុងចំណោម ១២ប្រកួតចុងក្រោយក្នុងលីគ បន្ទាប់ពីចាញ់ Everton ១-០ នៅថ្ងៃបើករដូវកាលរបស់ក្រុមមាន់ផងដែរ៕