(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានខកខានទាត់បាល់ពិន័យ ១១ម៉ែត្រអត់ចូលនៅនាទី៦១ ក្នុងជំនួបដែលក្រុមសេះបង្កង់ Juventus បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុមភ្ញៀវ Atalanta ក្នុងក្របខណ្ឌលីគកំពូលអ៉ីតាលី Serie A នៃសប្តាហ៍ទី១២ ជើងទី១ នៅនារាត្រីថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

CR7 មានឱកាសទាត់បាល់ប៉េណាល់ទី ដើម្បីយកជ័យជម្នះនៅនាទី៦១ ដែលបានកើតឡើងរបស់ខ្សែការពារ Atalanta ធ្វើឲ្យ Chiesa ដួលក្នុងប្រអប់គ្រោះថ្នាក់ តែទាត់ទៅត្រូវបានអ្នកចាំទី Pierluigi Gollini របស់ក្រុមភ្ញៀវជួយសង្រ្គោះបាន។

ការមិនអាចយក ៣ពិន្ទុក្នុងដីបានពីសំណាក់ក្រុមការពារតំណែងជើងឯក Juventus គឺបានត្រឹមឈរនៅលេខរៀងទី៤ នៅ Serie A ជាបណ្តោះអាសន្ន ដោយមាន ២៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង AC Milan ចំនួន ៤ពិន្ទុគិតត្រឹម ១២សប្តាហ៍មកនេះ។

នេះក៏ជាលទ្ធផលស្មើលើកទី៦ ច្រើនជាងគេផងដែរនៅ Serie A នារដូវកាលនេះ ហើយក៏ជាក្រុមលេងមិនទាន់ចាញ់ដូចគ្នា ក្នុងចំណោម ១២ប្រកួតក្រោមការបង្វឹករបស់គ្រូបង្វឹកថ្មី Andrea Pirlo ដែលត្រូវបានតែងតាំងជំនួសកៅអីលោក Mauricio Sarri ដែលត្រូវបណ្តេញចេញ៕