(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានអះអាងថា ក្រុមរបស់ខ្លួនបានចុះកុងត្រាកីឡាករបរទេសចំនួន ៥រូប សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ រួចហើយ ពោលគឺរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ជុំវិញការនាំចូលកីឡាករបរទេសនេះ លោក Conor បានបញ្ជាក់ថា «អ្វីដែលខ្ញុំអាចប្រាប់ទៅអ្នកគាំទ្ររបស់យើង ថាក្លិបបានចុះកុងត្រាកីឡាករបរទេសទាំង ៥រូបរួចរាល់ហើយ រង់ចាំតែមកដល់ជុំគ្នាយើងនឹងប្រកាសតែម្ដង។ ខ្ញុំគិតថា មិនជាបញ្ហាចោទទេ ដែលយើងមិនទាន់ប្រកាសពេលនេះ ព្រោះមនុស្សគ្រប់គ្នានៅមិនទាន់ដឹងពីសមាសភាពក្រុមកីឡាកររបស់ស្វាយរៀងនៅរដូវកាលក្រោយ ដែលជាមូលហេតុដែលខ្ញុំគិតថា ជារឿងល្អសម្រាប់យើង»

លោកបានបង្ហើបទៀតថា កីឡាករបរទេសដែលលោកនាំចូលត្រៀមរដូវកាលថ្មី សុទ្ធតែមានប្រវត្តិមិនធម្មតា និងអាចរួមចំណែកជួយក្រុមឆ្ពោះទៅរកភាពជោគជ័យទៀតផង។ លោកបន្ដថា «កីឡាករបរទេសទាំងនោះ សុទ្ធតែមានបទពិសោធច្រើន ដែលបានលេងនៅក្រុមកម្រិតខ្ពស់។ ដូច្នេះពួកគាត់នឹងមកជួយក្រុម»

ដោយឡែកកីឡាករក្នុងស្រុកវិញ លោកក៏បាននាំចូល ២រូបបន្ថែមលើអ្នកចាំទីកូនកាត់ខ្មែរ-ថៃ អេឡិច យូ ហើយបានចុះកុងត្រារួចរាល់ផងដែរ ដែលធ្វើឲ្យព្រះខ័នរាជស្វាយរៀងមានចំនួនកីឡាករគ្រប់គ្រាន់ ដើម្បីត្រៀមរដូវកាលឆ្នាំ២០២១ ទោះបីក្លិបបានចែកផ្លូវជាមួយកីឡាករចំនួន ៨រូប កាលពីពេលថ្មីៗក៏ដោយ។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលបន្ថែមថា «សម្រាប់ខ្ញុំជាចំនួនគ្រប់គ្រាន់ហើយ ឆ្នាំទៅយើងមានកីឡាកររហូតដល់ ២៧នាក់ ព្រោះយើងដឹងថា យើងនឹងប្រកួតប្រជែង ២កម្មវិធីនៅកម្ពុជា និង ២កម្មវិធីក្នុងអាស៊ី ក្រោយមក AFC បានលុបចោល ក៏ដូចជា ACC...។ ដូច្នេះខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ សម្រាប់ចំនួនកីឡាករពេលនេះ ហើយខ្ញុំក៏មានអារម្មណ៍រំភើប ចំពោះកីឡាករវ័យក្មេងដែលយើងនឹងនាំមកចូលរួមក្រុមផងដែរ»

គួរបញ្ជាក់ថា មកទល់ពេលនេះ អតីតក្រុមជើងឯកលីគឆ្នាំ២០១៩ នេះ ទើបបង្ហាញសមាជិកថ្មីផ្លូវការម្នាក់ប៉ុណ្ណោះ គឺអ្នកចាំទី អេឡិច យូ អតីតសមាជិកក្លិបភ្នំពេញក្រោន និងបឹងកេត។ រីឯសមាជិកថ្មីផ្សេងទៀត គេរំពឹងថា ព្រះខ័នរាជស្វាយរៀងនឹងប្រកាសនាពេលឆាប់ៗខាងមុខ មុនពួកគេបើកការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១៕