(អាមេរិក)៖ ក្រុមហ៊ុន Twitter Inc នៅថ្ងៃអង្គារ បានប្រាប់ឲ្យដឹងថា ខ្លួននឹងបិទកម្មវិធីផ្សាយផ្ទាល់មានឈ្មោះថា «Periscope» ដែលខ្លួនបានទិញ នៅឆ្នាំ២០១៥ ដោយសារតែចំនួនអ្នកប្រើប្រាស់មានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមានការចំណាយច្រើនលើការគាំទ្រកម្មវិធីមួយនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។

កម្មវិធីទូរស័ព្ទមួយនេះ «បានស្ថិតនៅក្នុងស្ថានភាពថែទាំមិនស្ថិតស្ថេរ អស់មួយរយៈពេលហើយ» , នេះបើតាមក្រុមហ៊ុន Twitter បានបង្ហោះប្រាប់ឲ្យដឹង។

ភាគច្រើននៃសមត្ថភាពសំខាន់របស់កម្មវិធី Periscope ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Twitter ហើយក្រុមហ៊ុន គ្រោងនឹងលុបចោលកម្មវិធីនេះពី App Store នៅខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនបានឲ្យដឹងថា ការផ្សាយផ្ទាល់ដែលបានដាក់បញ្ចូលទៅក្នុងកម្មវិធី Twitter នឹងនៅតែអាចចាក់ផ្សាយឡើងវិញបាន ហើយអ្នកប្រើប្រាស់នឹងអាចទាញយកបាន នូវការផ្សាយផ្ទាល់ និងទិន្នន័យ ពេលកន្លងទៅលើកម្មវិធី Periscope មុនពេលកម្មវិធីត្រូវបានលុបចោល៕