(ម៉ូនិច)៖ កីឡាករខ្សែបប្រយុទ្ធឆ្នើម Robert Lewandowski រកបានគ្រាប់បាល់កើនដល់ ២៥០គ្រាប់ហើយក្នុងការបង្ហាញខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោយពេលរូបគេស៊ុតបាន ២គ្រាប់វាយបកជួយក្រុម Bayern Munich យកឈ្នះក្រុមភ្ញៀវ Wolfsburg ក្នុងលទ្ធផល ២-១ នៃសប្តាហ៍ទី១២ ជើងទី១ បញ្ចប់ការលេងមិនចាញ់របស់ Wolfsburg ក្នុង ១២ប្រកួតមកនេះ។

ប្រភពព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិប៉ូឡូញ Robert Lewandowski វ័យ ៣២ឆ្នាំបច្ចុប្បន្នរកបាន ២៥០គ្រាប់ក្នុងការប្រកបអាជីពជាមួយក្រុមខា្លរខិន Bayern Munich និងក្រុម Borussia Dortmund ដោយបានក្លាយជាបេក្ខជនទី៣ បន្ទាប់ពី Gerd Muller និង Klaus Fischer ដែលរកបានគ្រាប់ច្រើនជាងគេនៅលីគកំពូលអាល្លឺម៉ង់។

Lewandowski រកបាន ១៨គ្រាប់គ្រប់ការប្រកួតក្នុងរដូវកាលនេះជាមួយ Bayern Munich និង ១៥គ្រាប់ឈរកំពូលតារាងស៊ុតបានច្រើនជាងគេបណ្តោះអាសន្ននៅ Bundesliga រដូវកាលឆ្នាំ២០២០-២០២១ ដោយកើនបាន ៧៣គ្រាប់ក្នុង ៦៤ប្រកួតគិតចាប់តាំងពីរដូវកាលឆ្នាំ២០១៩-២០២០ មក។

បច្ចុប្បន្នក្រុមការពារតំណែងជើងឯក Bayern Munich កំពុងរកបាន ២៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលមាន ២៨ពិន្ទុឈរនៅកំពូលតារាងបណ្តោះអាសន្ន៕