(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ចំនួន ៤៥ប្រទេសរួមទាំងកម្ពុជាផងដែរ បានធ្វើការប្ដេជ្ញា និងមូលមាត់គ្នា ក្នុងការអនុវត្តយុទ្ធសាស្ដ្រស្ដារឡើងវិញនូវចលនាអូឡាំពិក និងការអភិវឌ្ឍន៍វិស័យកីឡាក្នុងតំបន់ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

នេះគឺជាលទ្ធផលមួយក្នុងមហាសន្និបាតលើកទី៣៩ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុង Muscat ប្រទេសអូម៉ង់ ដែលធ្វើឡើងតាមរយៈ Video Conference នៅល្ងាចថ្ងៃពុធម្សិលមិញ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ NOCC ផងដែរ រួមមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោកនាយកឧត្តមសេនីយ៍ សៅ សុខា អនុប្រធាន NOCC ជាដើម។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មហាសន្និបាតនេះបានសម្រេចផ្លែផ្កាធំៗមួយចំនួន ក្រៅពីការបោះឆ្នោតរកម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី ឆ្នាំ២០៣០ ដែលបានទៅទីក្រុង DOHA ប្រទេសកាតា។ ជាក់ស្ដែងប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ លោកបណ្ឌិត តូម៉ាស់ បាច (Thomas Bach) បានថ្លែងសារគន្លឹះមួយចំនួនក្នុងការជំរុញស្មារតីសមាជិក ត្រូវមានការអត់ធ្មត់ និងសាមគ្គីភាពខ្ពស់ ដើម្បីជម្នះឧបសគ្គដ៏លំបាកនៃវិបត្តិកូវីដ-១៩។

ដូច្នេះក្នុងនាមសមាជិក OCA ប្រទេសទាំងអស់រួមទាំងកម្ពុជា បានប្ដេជ្ញាក្នុងការអនុវត្តការងារ ក្រោមរបត់ថ្មី ដើម្បីចូលរួមស្ដារចលនាអូឡាំពិក ក៏ដូចជាអភិវឌ្ឍវិស័យតាមប្រទេស និងក្នុងតំបន់។ អ្វីដែលពិសេស គឺការត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់តំបន់នានានៅឆ្នាំ២០២១ ក្រោមស្មារតីរួបរួមជាមួយម្ចាស់ផ្ទះ ដើម្បីធានាការចូលរួមប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ ទោះបីការប្រកួតត្រូវធ្វើឡើងក្រោមរបត់ថ្មីក៏ដោយ។

លោក វ៉ាត់ ចំរើន បន្ដថា «ប្រទេសទាំងអស់បានមូលមាត់គ្នា ស្ដារចលនាអូឡាំពិកឡើងវិញ ក្រោមការរៀបចំជាយុទ្ធសាស្ដ្ររបស់ OCA យើងនឹងធ្វើការងារជំរុញការអភិវឌ្ឍន៍ ក្រោមផែនការយុទ្ធសាស្ដ្រស្ដារឡើងវិញ បន្ទាប់ពីកូវីដ-១៩ យើងត្រូវរួមគ្នា ស្ដារសេដ្ឋកិច្ចឡើងវិញ ស្ដារការអភិវឌ្ឍន៍ទីក្រុងឡើងវិញ សម្រាប់ទីក្រុងត្រូវធ្វើម្ចាស់ផ្ទះនីមួយៗត្រូវរៀបចំឡើងវិញ តាមរបត់ថ្មី តែត្រូវរៀបចំសកម្មភាពប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ហើយជួយអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសម្ចាស់ផ្ទះនីមួយៗ»។

លើសពីនេះក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី រួមទាំងអង្គការសាមគ្គីអូឡាំពិក បានបញ្ជាក់ថា ទោះបីឆ្នាំ២០២០ មានបញ្ហាកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ថវិកាក៏ដោយ តែស្ថាប័នធំៗទាំងពីរបានអះអាង បានត្រៀមថវិកាបម្រុងគ្រប់គ្រាន់ សម្រាប់ឆ្នាំ២០២១-២០២២ ក្នុងការទប់ទល់ និងជំរុញការអភិវឌ្ឍន៍ឲ្យមាននិរន្ដរភាព និងចីរភាពប្រកបដោយបរិញ្ញាបណ្ណនៃការអភិវឌ្ឍន៍វិស័យកីឡា និងចលនាអូឡាំពិកនៅអាស៊ី និងពិភពលោក បន្ទាប់ពីធូរស្រាលកូវីដ-១៩ ពិសេសជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ប្រធានបទសំខាន់ជាងគេនៃមហាសន្និបាត OCA ដែលចំណាយពេលជាង ៨ម៉ោង កាលពីម្សិលមិញ គឺការបោះឆ្នោតរកទីក្រុងធ្វើម្ចាស់ផ្ទះកីឡាអាស៊ី ឆ្នាំ២០៣០។ ជាលទ្ធផលទីក្រុង DOHA ប្រទេសកាតា ទទួលបានជ័យជម្នះ និងសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអាស៊ី ឆ្នាំ២០៣០ ខណៈទីក្រុង Riyadh ប្រទេសអារ៉ាប់រួម ត្រូវធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០៣៤ វិញ។ ចំណែកការប្រកួតកីឡាអាស៊ី ឆ្នាំ២០២២ នឹងធ្វើនៅទីក្រុង Hangzhou ប្រទេសចិន និងឆ្នាំ២០២៦ ធ្វើនៅទីក្រុង Nagoya ប្រទេសជប៉ុន៕