(ញូយ៉ក)៖ ក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Twitter នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថាចាប់ពីសប្តាហ៍ក្រោយទៅ ខ្លួននឹងចាប់ផ្តើមចាត់វិធានការសំដៅទប់ទល់ជាមួយការបង្ហោះសារមិនពិតនានាអំពីវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដូចទៅនឹង Facebook ក៏ដូចជា YouTube ដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

កន្លងមកនេះគឺ Twitter បានចាត់វិធានការរួចជាស្រេចហើយទៅលើការបង្ហោះសារ ដែលមានផ្ទុកនូវព័ត៌មានមិនពិតអំពីរបៀបនៃការឆ្លងជំងឺ COVID-19 និងប្រសិទ្ធភាពនៃចំណាត់ការការពារផ្នែកសុខាភិបាល ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការរក្សាអនាម័យ។ នៅក្រោមគោលការណ៍ថ្មីរបស់ Twitter សកម្មភាពផ្សេងៗដូចជាការលុបចោល ឬការភ្ជាប់ព័ត៌មានច្បាស់លាស់បន្ថែម នឹងត្រូវធ្វើឡើងប្រឆាំងនឹងការបង្ហោះសារទាំងឡាយ ដែលអះអាងថា វ៉ាក់សាំង COVID-19 គឺត្រូវគេប្រើប្រាស់បង្កគ្រោះថ្នាក់ ឬក៏ដើម្បីគ្រប់គ្រងមនុស្ស។

គួរបញ្ជាក់ថា បណ្តាញសង្គមដទៃទៀតគឺ YouTube និង Facebook ក៏ធ្លាប់បានប្រកាសពីគោលការណ៍តឹងរ៉ឹង ដើម្បីទប់ទល់ការបំភ័ន្តព័ត៌មានទាក់ទងនឹងវ៉ាក់សាំង COVID-19 ព្រមទាំងការប៉ុនប៉ងបង្កបញ្ហាដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងដែរ។ គិតមកទល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅតាមប្រទេសមួយចំនួន រួមមានទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា ជាដើម៕