(ភ្នំពេញ)៖ ឯកសណ្ឋានថ្មីរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ រដូវកាលឆ្នាំ២០២១ ត្រូវបានបង្ហាញជាផ្លូវការហើយ។ គួរដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ អង្គរថាយហ្គឺរ បានធ្វើការប្រកាសនូវឈុតឯកសណ្ឋានថ្មីចំនួនពីរឈុត គឺឈុតពណ៌ស ជាឈុតសម្រាប់លេងក្នុងដី (Home) និងឈុតពណ៌ខ្មៅ ជាឈុតលេងក្រៅដី (Away) ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំក្រោយ ដែលគ្រោងចាប់ផ្ដើមធ្វើឡើងនៅក្នុងខែមីនាខាងមុខ។

ទាក់ទងនឹងអត្ថន័យនៃការរចនាឈុតឯកសណ្ឋានរដូវកាលថ្មីនេះ មានខ្សែបន្ទាត់ពណ៌ទឹកក្រូចលាយនឹងពណ៌ខ្មៅ និងរូបភាពសត្វខ្លា តំណាងឲ្យភាពអង់អាច ដែលជាអត្ថន័យរបស់ក្លិប។ យើងក៏បានរចនាជាការ៉េតូចៗនៅលើក្រណាត់អាវ ដើម្បីបង្ហាញពីភាពរឹងមាំផងដែរ។

ទាក់ទងទៅនឹងឯកសណ្ឋានរដូវកាលថ្មីនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងមានដាក់លក់ជាផ្លូវការនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ចំណែកឯតម្លៃ និងកាលបរិច្ចេទនៃការចេញលក់ជាក់លាក់ ក្លិបនឹងប្រកាសនៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងថា កាលពីរដូវកាលឆ្នាំ២០២០ ដែលបានបញ្ចប់ទៅហើយនោះ ក្រុមអង្គរថាយហ្គឺរ ឆ្លងកាត់បាន ១៨ប្រកួត ឈ្នះ១១ដង ស្មើ៣ដង និងចាញ់៤ដង ហើយបានឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ៣៦ពិន្ទុផងដែរ៕