(កូរ៉េ)៖ ក្រុមចម្រៀង K-POP នារី ល្បីឈ្មោះរបស់កូរ៉េខាងត្បូង BLACKPINK នៅថ្ងៃទី១៧ ខែធ្នូ បានប្រកាសជាសាធារណៈតាមរយៈវីដេអូ ដើម្បីឲ្យអ្នកគាំទ្រ ឬ Blink បានជ្រាបពីការពន្យាពេល ការប្រគំតន្ត្រីអនឡាញលើកដំបូង របស់ពួកគេមានឈ្មោះថា «The Show» ខណៈការពន្យាពេលនេះ គឺដោយសារតែបច្ចុប្បន្នកូរ៉េខាងត្បូង កំពុងមានករណីឆ្លងខ្លាំង នៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន allkpop នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ជាការកត់សម្គាល់ សមាជិកម្នាក់ៗនៃក្រុមចម្រៀង BLACKPINK បានធ្វើវីដេអូរៀងៗខ្លួន ពីផ្ទះរបស់ពួកគេម្នាក់ៗ ដើម្បីពន្យល់អ្នកគាំទ្រ ពីសេចក្តីសម្រេចពន្យាពេលការប្រគំតន្រ្តីនេះ ពោលគឺដើម្បីធានាសុវត្ថិភាពអ្នក ដែលត្រូវចូលរួមទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី ត្បិតបច្ចុប្បន្ននេះកំពុងប្រឈមខ្លាំង ជាមួយការរាតត្បាតកូវីដ១៩។ ហេតុនេះហើយ ប្រគំតន្ត្រីអនឡាញលើកដំបូងរបស់ពួកគេមានឈ្មោះថា «The Show» ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ត្រូវបានលើកទៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ពេលវេលានៅប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។ កត្តានេះជំរុញឲ្យប្រទេសកូរ៉េខាងត្បូង បិទសាលារៀន និងសាលាមតេ្តយ្យទាំងអស់ នៅទូទាំងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ផ្លាស់ប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) កាន់តែខ្លាំងឡើង៕