(មែលប៊ន)៖ ដោយសារតែវិបត្តិវីរុសឆ្លង COVID-19 បានធ្វើឲ្យការប្រកួតវាយកូនបាល់ (Tennis) នៃព្រឹត្តិការណ៍« Australian Open 2021» ត្រូវបានលើកពេលទៅប្រកួតចាប់ពីថ្ងៃទី៨ ខែកុម្ពៈ ឆ្នាំ២០២១វិញ ខណៈការប្រកួតខាងលើគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ ៣១ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ការពន្យារពេលការប្រកួតខាងលើនេះក៏ដោយសារតែគ្រប់កីឡាករដែលមកដល់ប្រទេសអូស្រ្តាលីនៅថ្ងៃទី១៥ ខែមករានោះ ត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៃការធ្វេីតេស្ត COVID-19 មុនការប្រកួតមកដល់។

ការប្រកួតវគ្គជម្រុះនឹងត្រូវលើកទៅទីក្រុង Doha ប្រទេសកាតារយៈពេល ៤ថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំដដែល ស្របពេលការប្រកួតវាយកូនបាល់ដែលមាន ២កម្រិតផ្សេងគ្នានោះមាននៅទីក្រុង Melbourne ដោយត្រូវបានផ្លាស់ប្តូរទីតាំង និងការប្រកួតកម្រិត ATP Cup ដែលមាន ១២ក្រុមអាចនឹងចាប់ផ្តើមនៅថ្ងៃទី១ ដល់ ៥ខែកុម្ភៈ៕