(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Marcus Rashford រកបានគ្រាប់បំប៉ោងសំណាញ់ទី ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-២ ទៅលើក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងយុទ្ធនាការលីគកំពូលអង់គ្លេស Premier League នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

នេះជាការកើនគ្រាប់ស៊ុតបាន ៥គ្រាប់ឲ្យក្រុមបិសាចក្រហមក្នុង Premier League របស់កីឡាករអង់គ្លេស Rashford ហើយក៏ជាគ្រាប់រកបាននៅក្រៅទឹកដីនៃកីឡដ្ឋាន Old Trafford ផងដែរ ដើម្បីជួយក្រុមរបស់លោក Ole Gunnar Solskjaer លេងមិនចាញ់ក្នុងចំណោម ២ប្រកួតចុងក្រោយ បន្ទាប់ពីជ្រុះចេញពី UEFA Champions League ត្រឹមវគ្គចែកពូល។

២គ្រាប់របស់ Marcus Rashford គឺបានកើតឡើងនៅនាទីទី២៦ និងនាទី៥១ ពីការជួយជ្រោមជ្រែងរបស់មិត្តរួមក្រុម Lindelof និង Martial នៅពេលដែលកីឡាករ McGoldrick បានស៊ុតគ្រាប់នាំមុខឲ្យ Sheffield តាំងពីចាប់ផ្តើមលេងបាន ៥នាទីមកម្ល៉េះ និងគ្រាប់ទី២ របស់គេទៀតកើតឡើងនៅនាទី៨៧ ក្នុងប្រកួតដែលខ្សែប្រយុទ្ធបារាំង Anthony Martial រកបាន ១គ្រាប់ដែរនៅនាទី៣៣។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Man Utd រកបាន ២៣ពិន្ទុឈរនៅលេខ៦ បណ្តោះអាសន្នស្មើក្រុម Everton ដែលឈរនៅលេខ៥ និងចាញ់ក្រុមកំពូលតារាង Liverpool ៥ពិន្ទុគិតត្រឹម ១៣សប្តាហ៍ក្នុងជើងទី១ នេះ គ្រាដែល Sheffield United បន្តលិចលង់នៅបាតតារាងដោយទើបរកបានតែ ១ពិន្ទុប៉ុណ្ណោះ៕