(ប៉ារីស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកាសឱ្យដឹងថា ខ្លួននឹងវិនិយោគទឹកប្រាក់២០០លានអឺរ៉ូ ដើម្បីបង្កើតរោងចក្រផលិតឧបករណ៍បណ្ដាញទូរស័ព្ទចល័តមួយ នៅភាគខាងកើតនៃប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

យោងតាមការចេញផ្សាយបានឱ្យដឹងថា រោងចក្រថ្មីមួយនេះនឹងផ្ដល់ឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់ប្រមាណជា៣០០ ទៅ៥០០នាក់ ដែលជាបុគ្គលិក ឬកម្មករជាប់កិច្ចសន្យាការងារច្រើនឆ្នាំ ហើយផលិតផលដែលនឹងផលិតនោះគឺសម្រាប់ផ្គត់ផ្គង់ ទីផ្សារអឺរ៉ុប។

ក្រុមហ៊ុន Huawei ធ្លាប់បានប្រកាសកាលពីខែមីនាថា ខ្លួននឹងបង្កើតរោងចក្រមួយនៅក្នុងប្រទេសបារាំង ដែលនៅពេលនេះគឺចំពេល ដែលបណ្ដាប្រទេសជាច្រើននៅលោកខាងលិច រួមនឹងបារាំងផងនោះ កំពុងអនុវត្តយុទ្ធនាការឈប់ ប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ដោយក្ដីព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខជាតិ តាមការស្នើសុំ និងលើកឡើងរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

រដ្ឋាភិបាលបារាំងមិនបានធ្វើការហាមឃាត់ប្រតិបត្តិការទូរស័ព្ទចល័តដែលប្រើប្រាស់ ឧបករណ៍របស់ក្រុមហ៊ុន Huawei ទាំងស្រុងនោះទេ ប៉ុន្តែនៅក្នុងខែកក្កដា អាជ្ញាធរបានប្រាប់ទៅក្រុមហ៊ុនទូរគមនាគមន៍ដែលមានគ្រោងបន្តទិញឧបករណ៍ពីក្រុមហ៊ុន Huawei គឺត្រូវបញ្ឈប់ ដោយសារតែរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបន្តអាជ្ញាប័ណ្ណនោះទេ៕