(ភ្នំពេញ)៖ ក្នុងឱកាសខួប៦១ឆ្នាំនៃឱសថគីណាល់ ជាឱសថខ្មែរដំបូងគេ ដែលបានបង្កើត និងផលិតនៅក្នុងប្រទេសកម្ពុជា លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានផ្ញើសារជុំវិញឱកាសខួប៦១ឆ្នាំនេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សូមជម្រាបសួរឯកឧត្តម លោកជំទាវ លោក-លោកស្រី ខ្ញុំបាទ ឱសថបណ្ឌិត ហៃ លីអ៊ាង ជាស្ថាបនិកសហគ្រាសផលិតឱសថប៉េប៉េអឹម។

យើងបានផលិតឱសថនៅប្រទេសកម្ពុជា ដែលអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់យ៉ាងច្បាស់នោះគឺ ថ្នាំគីណាល់ និងទឹកខ្ពល់មាត់ សិបទីល ជាដើម។ល។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៨ ខែឆ្នូ សហគ្រាសរបស់យើងតែងតែរៀបចំពិធីប្រារព្ធខួបនៃការបង្កើតឱសថបំបាត់ការឈឺចុកចាប់ គីណាល់ខ្មែរលើកដំបូងកាលពីឆ្នាំ ១៩៦០ តាមរយៈការប្រគល់ពានរង្វាន់គីណាល់ប្រចាំឆ្នាំ ទៅដល់ក្រុមនិស្សិតសុខាភិបាល ដែលមានស្នាដៃឆ្នើមលើអត្ថបទសិក្សាស្រាវជ្រាវរបស់ពួកគេ។ ដោយសារតែការឆ្លងរាលដាលដ៏កាចសាហាវនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន យើងបានសម្រេចមិនរៀបចំការប្រកួតពានរង្វាន់គីណាល់នៅឆ្នាំនេះទេ។

រហូតមកទល់នឹងពេលនេះ ជំងឺឆ្លងដ៏កាចសាហាវមួយនេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែយើងទាំងអស់គ្នា បានគោរពតាមវិធានសុវត្ថិភាពអនាម័យ របស់ក្រសួងសុខាភិបាល តាមរយៈការពាក់ម៉ាស់ ការសំពះគោរពគ្នា រួមទាំងគោលនយោបាយតាមដាន និងតាមរកអ្នកពាក់ព័ន្ធដល់ទីកន្លែង និងដាក់ឲ្យអ្នកផ្ទុកមេរោគនៅដាច់ដោយឡែកពីគេ។

ប៉ុន្តែ បើពិនិត្យទៅលើផ្នែកសេដ្ឋកិច្ចវិញ ការរាតត្បាតនៃជំងឺកូវីដ១៩ នេះ បានធ្វើឲ្យមនុស្សមិនតិចទេបាត់បង់ការងារ ហើយវាបានធ្វើឲ្យមានការធ្លាក់ចុះ នៃសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យក្រុមគ្រួសារជាច្រើនធ្លាក់ ចូលក្នុងស្ថានភាពលំបាកយ៉ាប់យឺន។

ផលិតផលឱសថប៉េប៉េអឹម មានតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង នៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតនេះ វារឹតតែក្លាយទៅជាឱសថ ដែលមិនអាចខ្វះបាន។

ចាប់តាំងពីការបង្កើតឡើងជាង២០ឆ្នាំមកនេះ គោលដៅសំខាន់របស់យើង គឺផ្តល់ជូនប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ នូវផលិតផលឱសថប្រកបដោយគុណភាពខ្ពស់ និងមានស្តង់ដារអន្ដរជាតិក្នុងតម្លៃសមរម្យ ដូចជាឱសថគីណាល់សម្រាប់បំបាត់ការឈឺចុកចាប់គ្រប់ប្រភេទ ជាពិសេសផលិតការពារជំងឺឆ្លងដូចជាទឹកខ្ពុលមាត់សិបទីល ឬអាល់កុលសម្លាប់មេរោគ SEPTIDERM។ ដូច្នេះ យើងបានអនុវត្តតាមគោលការណ៍នេះ អស់រយៈពេល២០ឆ្នាំហើយ។

ក្នុងបរិបទនៃជំងឺឆ្លងរាតត្បាតនេះ ខណៈដែលមនុស្សម្នាភ័យព្រួយនឹងសុខភាពផ្ទាល់ខ្លួន និងសុខភាពក្រុមគ្រួសាររៀងៗខ្លួននោះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានសម្រេចចូលរួមសាមគ្គីជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់តាមរយៈការមិនតម្លើងថ្លៃឱសថរបស់ខ្លួននៅក្នុងទីផ្សារ។ ខណៈឆ្នាំ២០២០នេះ បានខិតជិតបញ្ចប់ទៅហើយនោះ ខ្ញុំប្រាថ្នាដោយស្មោះអស់ពីបេះដូង សូមឲ្យជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ រលត់បាត់ពីផែនដីទៅតាមឆ្នាំ២០២០នេះទៅចុះ។

ទោះយ៉ាងណា សហគ្រាសផលិតឱសថប៉េប៉េអឹម មានភារកិច្ចនឹងបន្តធ្វើកិច្ចការរបស់ខ្លួន ដោយមិនគិតពីការនឿយហត់ ដើម្បីធានាថា ប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវឱសថគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវការ៕