(ភ្នំពេញ)៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ត្រូវបានសហព័ន្ធកីឡាបាញ់កាំភ្លើងអន្ដរជាតិ(ISSF) ប្រកាសទទួលស្គាល់ជាសមាជិកផ្លូវការហើយ។ នេះបើតាមការបញ្ជាក់របស់លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា។
ការទទួលស្គាល់នេះបានធ្វើឡើងក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងអន្ដរជាតិ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីថ្មីៗ ហើយប្រមុខថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ បានជជែកលើសំណើរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា រហូតឈានដល់ការសម្រេចទទួលស្គាល់ជាសមាជិកផ្លូវការតែម្ដង។
បន្ទាប់ពីក្លាយជាគ្រួសារកីឡាបាញ់ភ្លើងអន្ដរជាតិ លោក Vladimir Lisin ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងអន្ដរជាតិ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិកថ្មីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ហើយក៏បើកភ្លើងខៀវក្នុងការអញ្ជើញក្រុមកីឡាបាញ់កាំភ្លើងកម្ពុជាចូលរួមព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗផងដែរ៕