(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនដ៏ធំរបស់ចក្រភពអង់គ្លេស Unilever ទើបតែបានប្រកាសថា ខ្លួននឹងបន្តការផ្សាយពាណិជ្ជកម្មឡើងវិញលើប្រព័ន្ធ Facebook, Instagram និង Twitter នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាកកាលពីខែមិថុនា ដោយសារតែភាពប្រេះឆា និងការបង្ហោះសារ ស្អប់ខ្ពើមរើសអើងនៅលើបណ្តាញសង្គមទាំងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុន Unilever ដែលល្បីខាងលក់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៧ ខែធ្នូ ថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការផ្អាកផ្សាយពាណិជ្ជកម្មលើ Facebook, Instagram និង Twitter នៅខែមករា ដើមឆ្នាំក្រោយនេះ ប៉ុន្តែនឹងនៅបន្តតាមដានបណ្តាប្រព័ន្ធបណ្តាញសង្គមទាំងនេះយ៉ាងជាប់ដិតដល់។ ក្រុមហ៊ុន Facebook ដែលជាម្ចាស់របស់ Instagram ផងដែរនោះ បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Unilever។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលឆ្នាំ២០២០នេះ Unilever បានចូលរួមជាមួយក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ក្នុងយុទ្ធនាការធ្វើពហិការផ្សាយពាណិជ្ជកម្មប្រឆាំងប្រព័ន្ធបណ្តាញសង្គមជាពិសេស Facebook នោសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យប្រព័ន្ធទាំងនេះបញ្ឈប់ការបង្ហោះសារស្អប់ខ្ពើមរើសអើង នៅលើបណ្តាញរបស់ខ្លួន។ យុទ្ធនាការនោះ ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមសិទ្ធិមនុស្សអាមេរិក ក្រោយការស្លាប់របស់លោក George Floyd ជាបុរសស្បែកខ្មៅម្នាក់នៅក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota របស់អាមេរិក ដែលបានបាត់បង់ជីវិត ដោយសារប៉ូលិសយកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ កាលពីថ្ងៃទី២៥ ខែឧសភា៕