(ភ្នំពេញ)៖ មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួន នាឆ្នាំ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក (AEPW) ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណង ដោះស្រាយបញ្ហាសំណល់ផ្លាស្ទិក នៅលើសាកលលោក សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ បើទោះបីស្ថិតក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ក្ដី ដោយចំនួននៃក្រុមហ៊ុន និងដៃគូពិភពលោកធំៗ ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ បានកើនឡើងលើសទ្វេដង។
បច្ចុប្បន្ន ក្រុមហ៊ុននិងដៃគូជាង៥០ មកពីផ្នែកផ្សេងៗនៃពិភពលោក បានចូលរួមនៅក្នុងសម្ព័ន្ធ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិកដែលជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹងពេលសម្ពោធដំបូងនៅឆ្នាំ២០១៩ ដែលកាលណោះមានក្រុមហ៊ុន និងដៃគូចំនួន២០បានចូលរួម។ នេះបើយោងតាមលោក Jacob Duer ប្រធាន និងជានាយកប្រតិបត្តិរបស់សម្ព័ន្ធ AEPW ក្នុងឱកាសថ្លែងទៅកាន់សន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រុមហ៊ុន អេសស៊ីជី។
«ក្នុងមួយឆ្នាំៗ សំណល់ប្លាស្ទិកប្រមាណ ១១លានតោន ហូរចូលទៅក្នុងសមុទ្រ ហើយប្រសិនបើយើងមិនធ្វើអ្វីៗនៅថ្ងៃនេះទេ ចំនួននេះនឹងកើនឡើងដល់ ២៩លានតោន នៅឆ្នាំ២០៤០»។ លោក Jacob ថ្លែងយ៉ាងដូច្នេះ នៅឯសន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០៖ សេដ្ឋកិច្ចវិលជុំ ៖ សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅ កាលពីដើមខែវិច្ឆិកាកន្លងទៅ ។
លោក Jacob បាននិយាយថា សំណល់ផ្លាស្ទិកដែលមានតម្លៃ គិតជាទឹកប្រាក់ប្រហែល ១២០ពាន់លានដុល្លារ បានបាត់បង់ទៅក្នុងបរិស្ថាន ដោយសារតែកង្វះប្រព័ន្ធត្រឹមត្រូវ ដើម្បីគ្រប់គ្រងសំណល់ផ្លាស្ទិក នៅក្រោយពេលប្រើប្រាស់រួច។
លោក Jacob បានថ្លែងយ៉ាងដូច្នេះថា «ចំពោះយើង យើងមិនមែនគ្រាន់តែចង់លុបបំបាត់សំណល់ ផ្លាស្ទិកប៉ុណ្ណោះនោះទេ ប៉ុន្តែ យើងចង់ប្រែក្លាយសំណល់ផ្លាស្ទិក ឲ្យក្លាយជាធនធានដែលមានតម្លៃ។ ការប្រែក្លាយសំណល់ទៅជាទ្រព្យ គឺជាការចាំបាច់ណាស់ ប្រសិនបើពិភពលោកចង់វិវឌ្ឍទៅរកសេដ្ឋកិច្ចបែបវិលជុំ»។
អេសស៊ីជី ជាផ្នែកមួយនៃសម្ព័ន្ធ ដើម្បីលុបបំបាត់សំណល់ផ្លាស្ទិក តាំងពីពេលសម្ព័ន្ធនេះ ចាប់បដិសន្ធិនៅដើមឆ្នាំ២០១៩មកម៉្លេះ ហើយតាមរយៈសន្និសីទអភិវឌ្ឍន៍ ដោយចីរភាពប្រចាំឆ្នាំរបស់ខ្លួន អេសស៊ីជី បានធ្វើការងារយ៉ាងសកម្មដើម្បីជំរុញប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (circular economy) ក្នុងនោះ រួមទាំងដំណោះស្រាយប្រកប ដោយចីរភាពចំពោះបញ្ហាសំណល់ ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ អេសស៊ីជី និងសម្ព័ន្ធ AEPW បានចេញផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ដោយបង្ហាញពីសមិទ្ធផលគម្រោងសំខាន់ៗ កាលពីឆ្នាំកន្លងទៅ ។
យោងតាមរបាយការណ៍នេះ សម្ព័ន្ធ AEPW បានអនុវត្តគម្រោងចំនួន ១៤ នៅក្នុងទីក្រុងចំនួន ១៤ នៃប្រទេសចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងអាហ្វ្រិក ដែលតំបន់និងប្រទេសទាំងនេះ សុទ្ធសឹងជាសមរភូមិជួរមុខនៃបញ្ហាសំណល់ប្លាស្ទិក។
របាយការណ៍ ក៏បានបង្ហាញពីគម្រោងនានា ដែលមានតម្លៃប្រមាណ៤០០លានដុល្លារអាមេរិក ដែលដឹកនាំដោយសមាជិកទាំង៥៥របស់សម្ព័ន្ធ AEPW ឆ្ពោះទៅរកការកសាងដំណោះស្រាយ ដើម្បីលុបបំបាត់សំណាល់ផ្លាស្ទិកនៅក្នុងបរិស្ថាន ។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពន្លឿនគម្រោងនានា នៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ របស់សម្ព័ន្ធ រួមមាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ និងកែច្នៃសំណល់, នវានុវត្តន៍, ការអប់រំនិងការចូលរួម, និងការសម្អាត ។
របាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ក៏បានប្រកាសអំពីមហិច្ឆតាឆ្នាំ២០២៥ របស់សម្ព័ន្ធ AEPW ផងដែរ ដោយក្នុងពេល ៥ឆ្នាំខាងមុខនេះ សម្ព័ន្ធ និងសមាជិករបស់ខ្លួន នឹងកសាងនូវគំរូនិងភាពជាដៃគូដែលអាចវិនិយោគបាន ដែលនឹង៖
* បង្ហាញឲ្យឃើញសំណល់ផ្លាស្ទិកកម្រិតសូន្យ នៅក្នុងទីក្រុងជាច្រើន និងបំប្លែងសំណល់ផ្លាស្ទិករាប់លានតោន តាមរយៈគម្រោងនានារបស់សម្ព័ន្ធ នៅក្នុងទីក្រុងដែលមានហានិភ័យជាង ១០០ទីក្រុង។
* ជួយទ្រទ្រង់ជីវភាពរស់នៅប្រកបដោយសុខភាពល្អ ដល់ប្រជាជនជាង១០០លាននាក់ ដោយជំរុញលទ្ធភាពគ្រប់គ្រងសំណល់ ដែលម្ចាស់ការដោយប្រជាជនក្នុងមូលដ្ឋាន។
* បញ្ចេញការវិនិយោគយ៉ាងហោចណាស់ ៥ ដងច្រើនជាងមុន ដើម្បីពន្លឿនសកម្មភាព និងដំណោះស្រាយ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិក និងកសាងទីក្រុងប្រកបដោយចីរភាព៕