(ភ្នំពេញ)៖ លោក Koji Gyotoko គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសម្ដែងក្តីបារម្ភ ចំពោះការផ្អាកប្រមូលផ្ដុំហ្វឹកហាត់ ដោយសារវិបត្តិកូវីដ-១៩ ជះឥទ្ធិពលមិនល្អដល់ក្រុម ពិសេសប៉ះពាល់ខ្លាំងដល់ការចម្រាញ់កីឡាករចុងក្រោយ ដើម្បីចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U19 Championship Uzbekistan 2020) ដែលពន្យារពេលទៅប្រកួតនាខែមីនា ឆ្នាំ២០២១។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា «ការផ្អាកការហ្វឹកហាត់មួយរយៈដោយវិបត្តិកូវីដ-១៩ នេះ មានផលប៉ះពាល់ខ្លាំងដល់ការហ្វឹកហាត់ និងការតាមដានភាពរីកចម្រើនរបស់ក្រុម និងសមត្ថភាពកីឡាករម្នាក់ៗក្នុងការស្វែងរកកីឡាករសម្រាប់បញ្ជីឈ្មោះចុងក្រោយ។ ខ្ញុំមិនទាន់មានគម្រោងអ្វីទេ ជាមួយកីឡាករអំឡុងពេលផ្អាកការហ្វឹកហាត់នេះឡើយ ដោយទុកឲ្យកីឡាករហ្វឹកហាត់បង្កើនសមត្ថភាពខ្លួនឯង ជាមួយនឹងក្លិបពួកគេ ហើយរង់ចាំការអនុញ្ញាតប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ»។
ការបង្ហាញនូវក្ដីបារម្ភនេះបន្ទាប់ពីការប្រមូលផ្ដុំក្រុមជម្រើសជាតិ U19 កម្ពុជា ដែលបានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែកក្កដា ត្រូវបានផ្អាកម្ដងហើយម្ដងទៀត ក្រោយកើតមានព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ចំណែកការប្រមូលផ្ដុំឡើងវិញ ក៏មិនទាន់ច្បាស់ពេលវេលាដែរ ដ្បិតប្រមុខរាជរដ្ឋាភិបាល ទើបស្នើឲ្យបន្ដសកម្មភាពបច្ចុប្បន្នសិន រហូតដល់ប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFC U-19 Championship Uzbekistan 2020 ដែលប្រទេសអ៊ូបេគីស្ថានទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ ដំបូងឡើយគ្រោងប្រកួតកាលពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ តែដោយបារម្ភពីបញ្ហាកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏សម្រេចពន្យារពេលការប្រកួតនេះ ទៅប្រកួតចាប់ពីថ្ងៃទី០៣-២០ ខែមីនា ឆ្នាំ២០២១ វិញ ដោយក្រុមជម្រើសជាតិ U-19 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំង U19 អ៊ីរ៉ង់៕