(ប៉េកាំង)៖ ប្រេនហ្វេសិនដ៏ល្បីបំផុតមួយនៅលើពិភពលោកគឺ Gucci នឹងបើកហាងអនឡាញចំនួនពីរ នៅលើវែបសាយលក់ទំនិញប្រណិតៗរបស់ក្រុមហ៊ុនយក្សចិន Alibaba ដែលប្រការនេះបានរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀត នូវសារសំខាន់នៃទីផ្សារដ៏ធំរបស់ចិនសម្រាប់ប្រេនល្បីៗ ដែលកំពុងព្យាយាមទប់ទល់ការធ្លាក់ចុះនៃប្រាក់ចំណូល ដោយសារតែវិបត្តិជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Business Times នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
ប្រេនហ្វេសិន (Fashion Brand) របស់អ៉ីតាលី Gucci ស្ថិតក្នុងចំណោមប្រេនដ៏មានតម្លៃបំផុតមួយ ដែលបានចូលរួមក្នុងវែបសាយលក់ទំនិញបែបប្រណិតៗហៅថា Tmall Luxury Pavilion ដែលក្រុមហ៊ុន Alibaba បានបង្កើតឡើងកាលពីឆ្នាំ២០១៧ ហើយឥឡូវមានវត្តមានប្រេនច្រើនជាង២០០ តាំងពីសម្លៀកបំពាក់រហូតដល់រថយន្តទំនើបៗ។
ទាក់ទងនឹងគម្រោងបើកហាងអនឡាញលើវែបសាយ Tmall Luxury Pavilion ប្រេន Gucci នឹងបើកហាងមួយដំបូងនៅថ្ងៃទី២១ ខែធ្នូ ដែលនឹងមានលក់នូវសម្ភារហ្វេសិន ដូចជាសម្លៀកបំពាក់ជាដើម និងទំនិញស្បែកផ្សេងៗទៀត។ ចំណែកហាងទីពីរដែលផ្តោតទៅលើផលិតផលគ្រឿងសម្អាង នឹងបើកទ្វារនៅខ្ទង់ខែកុម្ភៈ ឆ្នាំ២០២១ ហើយធ្វើប្រតិបត្តិការដោយដៃគូរបស់ Gucci គឺក្រុមហ៊ុនអាមេរិក Coty។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបានក្លាយជាកន្លែងដ៏កម្រមួយ សម្រាប់ប្រេនទំនិញប្រណិត ដោយការលក់ផលិតផលទាំងនេះ មានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅចិន ចាប់តាំងតែវិធានការប្រឆាំងការរាតត្បាតជំងឺ COVID-19 ត្រូវបានចាប់ផ្តើមបន្ធូរបន្ថយនៅទីនោះកាលពីចុងខែមេសា។ មុនពេលមានវិបត្តិ COVID-19 អតិថិជននៅប្រទេសចិន បានតំណាងឲ្យប្រមាណ៣៥ភាគរយរួចទៅហើយ នៃការទិញទំនិញប្រណិតៗជុំវិញពិភពលោក ខណៈឥឡូវត្រូវគេរំពឹងថានឹងរ៉ាប់រងឲ្យទៅជិតពាក់កណ្តាលឯណោះ នៃការលក់សម្លៀកបំពាក់ កាបូប និងគ្រឿងអលង្ការប្រេនៗជុំវិញពិភពលោកនៅឆ្នាំ២០២៥៕