(ភ្នំពេញ)៖ បន្ទាប់ពីនាំចូលកីឡាករថ្មីៗជាបន្ដបន្ទាប់ ថ្ងៃនេះក្លិបអង្គរថាយហ្គឺរ បានបង្ហាញសមាជិកថ្មីម្នាក់ទៀតហើយ ដើម្បីត្រៀមរដូវកាលក្រោយ គឺលោក Marc Vigili Soler ដែលត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ប្រកាសតែងតាំងជាជំនួយការគ្រូបង្វឹកថ្មីរបស់លោក Oriol Segura ដែលមានសញ្ជាតិអេស្ប៉ាញដូចគ្នា។

លោក Marc Vigili Soler ទើបមានវ័យ ២៦ឆ្នាំប៉ុណ្ណោះ តែលោកបានបញ្ចប់អាជ្ញាបណ្ណគ្រូបង្វឹកកម្រិត UEFA A-License។ អ្វីដែលពិសេសមុនផ្លាស់មកទឹកដីអង្គរ ដើម្បីចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ នារដូវកាល២០២១ ខាងមុខ លោកធ្លាប់ដឹកនាំក្រុមយុវជនជាច្រើននៅអេស្ប៉ាញ ពិសេសក្លិបលំដាប់ទី២ អេស្ប៉ាញ គឺក្លិប Gimnàstic de Tarragona តែម្ដង។

តាមការបញ្ជាក់លើគេហទំព័រផ្លូវការក្រុមលេខ៧ ឆ្នាំចាស់បានឲ្យដឹងថា លោក Marc បានចាប់ផ្ដើមអាជីព តាំងពីឆ្នាំ២០១០ ជាមួយក្លិបពាក់កណ្ដាលអាជីពនៅអេស្ប៉ាញ គឺក្លិប Atlètic Roda de Barà ក្នុងនាមជាគ្រូបង្វឹកយុវជន U10, U11, U14, U16, និង U19 រហូតដល់ឆ្នាំ២០១៦។ បន្ទាប់មកលោកបានផ្លាស់ទៅក្លិប Gimnàstic de Tarragona ចាប់ពីឆ្នាំ២០១៦-២០១៩ ក្នុងនាមគ្រូជំនួយក្រុម U11, U12, U14 និងជាគ្រូបង្គោល U16។

ទន្ទឹមជាមួយការមកប្រកបអាជីពលើកដំបូងនៅកម្ពុជានេះ អង្គរថាយហ្គឺរ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំលើគ្រូជំនួយវ័យក្មេងរូបនេះ នឹងរួមចំណែកជួយក្រុមទទួលបានលទ្ធផលល្អ ទាំងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ ខាងមុខ៕