(ក្រុងហ្សូរិច)៖ កីឡាករខ្សែប្រយុទ្ធមកពីក្លិប Bayern Munich, Robert Lewandowski បានឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២០ របស់សហព័ន្ធអន្តរជាតិ FIFA។

ពិធីប្រកាស និងប្រគល់ពាន Best FIFA Football Awards 2020 ត្រូវបានធ្វើឡើងនៅទីក្រុង Zurich ប្រទេសស្វីសនារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែលកីឡាករ Lucy Bronze ខ្សែការពាររបស់ក្លិប Manchester City ឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំផងដែរ។

ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ វ័យ ៣២ឆ្នាំ Lewandowski ស៊ុតបាន ៥៥គ្រាប់ពីការចូលលេងបាន ៤៧ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ក្លិបខ្លារខិន Bayern Munich និងជា Top scorer នៅ UEFA Champions League ដែលស៊ុតបាន ១៥គ្រាប់ជួយ Bayern ឈ្នះដល់ទៅ ៥ពានក្នុងរដូវកាល។

Robert Lewandowski ទើបតែឈ្នះពានឯកត្តជននេះលើកដំបូង គ្រាដែលពានតែងតែឈ្នះដោយកីឡាករ Cristiano Ronaldo និង Lionel Messi ប៉ុណ្ណោះ និងឆ្នាំ២០១៩ ក៏ត្រូវបានឈ្នះដោយខ្សែប្រយុទ្ធមកពីក្លិប FC Barcelona, Messi ផងដែរ។

បន្ថែមលើនេះគ្រូបង្វឹករបស់ក្លិប Liverpoo លោក Jurgen Klopp បានឈ្នះពានគ្រូបង្វឹកដឹកនាំល្អប្រចាំឆ្នាំ នាំមុខគូប្រជែងលោក Hansi Flick របស់ Bayern Munich និងលោក Marcelo Bielsa របស់ក្លិប Leeds United ដែលបានឡើងមកដល់ជុំផ្តាច់ព្រ័ត្រ ៣នាក់ចុងក្រោយឆ្នាំនេះ នៅពេលដែល Manuel Neuer របស់ Bayern Munich ឈ្នះពានអ្នកចាំទីល្អប្រចាំឆ្នាំ និង Son Heung-min ឈ្នះគ្រាប់ស៊ុតបញ្ចូលទីល្អ៕