(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបង្កើនវិធានការណ៍ប្រុងប្រយ័ត្ន និងលើកទឹកចិត្ដដល់ភ្នាក់ងារខ្លួនទូទាំងប្រទេស ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការពារនូវជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់យើងនៅទូទាំងប្រទេស ដើម្បីធានាថា ពួកគេអនុវត្តវិធានការណ៍ដើម្បីការពារពីការឆ្លងជំងឺនេះ។ឥឡូវនេះយើងក៏បានសម្រេចចិត្ត ចាត់វិធានការណ៍ផ្សេងបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់ភ្នាក់ងារ និងសហគមន៍របស់យើង»

អតិថិជនរបស់វីង នឹងឃើញនូវសញ្ញាដើម្បីធានាបាននូវគម្លាតសុវត្ថិភាពនៅពេលរង់ចាំ មានអាកុល ឬជែលលាងដៃ និងប័ណ្ណព័ត៌មានដែលជំរុញឱ្យសាធារណជន ធ្វើតាមវិធីបង្ការកូវីដ១៩រួមមាន៖ ការពាក់ម៉ាស់ និងទៅពិនិត្យសុខភាពប្រសិនបើពួកគេមានរោគសញ្ញានៃជំងឺនេះ។ ភ្នាក់ងារវីងក៏តម្រូវឲ្យពាក់ម៉ាស់ និងផ្តល់ជូនអតិថិជននូវអាកុល ឬជែលលាងដៃផងដែរ។

លោកស្រី វឿន ម៉ារីណា ភ្នាក់ងារវីងនៅខេត្តកណ្តាល បានឱ្យដឹងថា «ខ្ញុំត្រូវពាក់ម៉ាស់ និងប្រកាន់យកការរក្សាគម្លាតសង្គមប្រកបដោយសុវត្ថិភាពនៅទីតាំរបស់ខ្ញុំ»។ នៅពេលមានអតិថិជនច្រើននៅទីនេះ ខ្ញុំលើកទឹកចិត្តពួកគេឱ្យតំរង់ជួរ និងធ្វើតាមផ្លាកសុវត្ថិភាព។ ខ្ញុំក៏រក្សាទីតាំងរបស់ខ្ញុំឱ្យស្អាត និងផ្តល់ឱ្យអតិថិជននូវអាកុលលាងដៃផងដែរ»

វីងបានខិតខំប្រឹងប្រែងជាច្រើនចាប់តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីជម្រុញការយល់ដឹងអំពីកូវីដ១៩ ។ទាំងនេះរួមបញ្ចូលការផ្សព្វផ្សាយអំពីការយល់ដឹងនៃគម្លាតសុវត្ថិភាព និងវិធានការណ៍ផ្សេងៗទៀតក្នុងពេលមានជំងឺរាតត្បាត។ក្រុមហ៊ុនក៏បានបើកកម្មវិធីជជែកនៅលើទំព័រហ្វេសប៊ុក ដើម្បីចែករំលែកព័ត៌មានឥតគិតថ្លៃនិងគួរឱ្យទុកចិត្តដល់សាធារណជនផងដែរ។

លោក ស៊្រុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារឯកទេស វីង បានលើកឡើងថា «សុវត្ថិភាពរបស់ភ្នាក់ងារ អតិថិជន និងសហគមន៍ គឺជាអាទិភាពចំបងរបស់យើង។ យើងតែងតែផ្តល់ព័ត៌មានថ្មីៗអំពីកូវីដ១៩ដល់ភ្នាក់ងាររបស់យើង ហើយទៅជួបពួកគេជាទៀងទាត់ ដើម្បីធានាថាពួកគេកំពុងអនុវត្តនូវវិធានការណ៍សុវត្ថិភាពនានា។ បុគ្គលិកវីងទាំងអស់ក៏តម្រូវឲ្យពាក់ម៉ាស់ របាំងមុខ ស្រោមដៃ លាងដៃនឹងអាកុល ព្រមទំាងរក្សាគម្លាតសុវត្ថិភាពនៅពេលទៅជួបភ្នាក់ងារផងដែរ»។

លោក សរ សាន្តភិរម្យ ដែលជាអតិថិជនវីងម្នាក់នៅខេត្តតាកែវ បានឲ្យដឹងថា គាត់ពិតជាកោតសរសើរការប្តេជ្ញាចិត្តរបស់វីង ចំពោះសុវត្ថិភាពអតិថិជនតាមរយៈការបង្កើតនូវការណែនាំនានា។ លោកបន្ដថា «ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពេលទៅភ្នាក់ងារវីង ព្រោះវាមានទីតាំងនៅក្បែរផ្ទះរបស់ខ្ញុំ»។ លោកបានកត់សម្គាល់ឃើញថា ក្រុមហ៊ុនបានគូសខ្សែបន្ទាត់នៅលើដី ហើយពួកគេស្នើសុំឱ្យអតិថិជនតម្រង់ជួរស្របគ្នានិងរក្សាចន្លោះ ១,៥ ម៉ែត្រ រវាងគ្នាទៅវិញទៅមក។ ភ្នាក់ងារក៏រំលឹកពួកយើងឱ្យពាក់ម៉ាស់ និងសម្អាតដៃរបស់យើងជាមួយអាកុលមុន និងក្រោយពេលប្រើសេវាកម្មរបស់ពួកគេផងដែរ។ លោកជឿជាក់ និងពេញចិត្តចំពោះកម្រិតសុវត្ថិភាពនេះណាស់។

នៅទីស្នាក់ការកណ្តាលរបស់វីងនៅទីក្រុងភ្នំពេញ អតិថិជនទាំងអស់តម្រូវឱ្យពាក់ម៉ាស លាងដៃជាមួយអាកុល និងត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេផងដែរ។
មានភ្នាក់ងារវីងជិត៩០០០កន្លែងនៅទូទាំងកម្ពុជា ទាំងរាជធានីភ្នំពេញ ទៅខេត្តដាច់ស្រយាលផ្សេងៗ។

វីងបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីធានាថាភ្នាក់ងាររបស់ខ្លួន អាចបន្តប្រតិបត្តិការអាជីវកម្មដោយគ្មានការរំខានណាមួយ ដើម្បីឲ្យអតិថិជនអាចបន្តប្រើប្រាស់សេវាកម្មរបស់ខ្លួន ផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ ក៏ដូចជាធ្វើប្រតិបត្តិការអាជីវកម្មផ្សេងៗ។

វីងក៏ផ្តួចផ្តើមសកម្មភាពជាច្រើន ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ថ្មីៗនេះ វីងបានប្រកាសធ្វើយុទ្ធនាការ ដើម្បីប្រមូលថវិការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ផងដែរ៕