(សិង្ហបុរី)៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា មិនអាចកែកំណត់ត្រាយកឈ្នះកីឡាករចិនបានឡើយ បន្ទាប់ពីរងបរាជ័យត្រឹមទឹកទី៣ ក្នុងជំនួបដ៏ស្វិតស្វាញក្នុងព្រឹត្តិការណ៍ ONE: COLLISION COURSE នៅប្រទេសសិង្ហបុរីនារាត្រីថ្ងៃសុក្រនេះ។

ការប្រកួតដ៏ជក់ចិត្តនេះ ២ទឹកដំបូង អ្នកទាំងពីរហាក់មានប្រៀបលើគ្នា ១ទឹកម្នាក់។ សម្រាប់ទឹកទី១ Xie Wei បានព្យាយាមប្រើកណ្ដាប់ដៃធ្ងន់ៗ និងមានឱកាសចាប់ឃ្លេ ចាន់ រតនា ២លើក តែមិនអាចធ្វើអ្វីអ្នកលេងគុនខ្មែរវ័យ ៣៤ឆ្នាំនេះបានឡើយ។

ចូលទឹកទី២ ចាន់ រតនា បានព្យាយាមប្រើកណ្ដាប់ដៃ និងជើង ទាត់ធ្ងន់ៗសងទៅលើ Xie Wei វិញ។ យ៉ាងណាការប្រកួតនេះ បានអូសបន្លាយដល់ទឹកទី៣ ដោយ រតនា ភ្លាត់ត្រូវមួយដៃបណ្ដាលឲ្យដួល ដែលធ្វើឲ្យ Xie Wei មានឱកាសវាយសង្គ្រុប រហូតអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង។

នេះគឺជាលើកទី៣ ហើយ ដែល ចាន់ រតនា បានរងបរាជ័យក្រោមថ្វីជើងកីឡាករចិន ក្នុងប្រវត្តិឡើងសង្វៀនលំដាប់ពិភពលោកនេះចំនួន ១១លើក ។ ចំណែក Xie Wei ក៏បានបន្ដកំណត់ត្រាដ៏អស្ចារ្យរបស់គេ ដោយផ្ដួលគូប្រកួតឲ្យសន្លប់ ៦ប្រកួត ក្នុងចំណោម ៧ប្រកួតលើសង្វៀនវិញ ពោលគឺគេចាញ់ពិន្ទុ តែកីឡាករលំដាប់ខ្សែក្រវាត់ជើងខ្លាំងហ្វីលីពីន Danny Kingad ម្នាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០២០ កន្លងទៅ៕