(បរទេស)៖ កាលពីជាង ៤០០ ឆ្នាំមុន គ្រឿងទេសគឺមានតម្លៃស្មើនឹងមាស ដែលពួកបស្ចិមលោកត្រូវការជាចាំបាច់ ខណៈពួកគេបានជិះសំពៅរាប់ម៉ឺនគីឡូម៉ែត្រស្កាត់ពីអឺរ៉ុបមកកាន់អាស៉ី ដើម្បីមករកប្រជុំកោះគ្រឿងទេសដែលជាប្រភពគ្រឿងទេសដ៏ធំមួយ។ តើអ្នកដឹងទេថា ប្រជុំកោះគ្រឿងទេសមានទីតាំងស្ថិតនៅឯណា?

ជនជាតិអឺរ៉ុបបានស្គាល់គ្រឿងទេសដំបូងបង្អស់ នៅពេលដែលពួកគេធ្វើសង្គ្រាមដណ្ដើមយកផ្នូរព្រះយេស្កូគ្រិស្ដពីពួកអារ៉ាប់នៅបាឡេស្ទីនមកវិញ។ ក្នុងពេលកំពុងមានចម្បាំងនឹងគ្នានោះ ពួកកងទ័ពអឺរ៉ុបបានបរិភោគម្ហូបអាហាររបស់ពួកអារ៉ាប់ដែលផ្សំឡើងពីគ្រឿងទេស ហើយយល់ថាមានឱជារសឈ្ងុយឆ្ងាញ់ ទើបនៅពេលត្រលប់ទៅមាតុភូមិខ្លួនវិញ ពួកអឺរ៉ុបបាននាំយកគ្រឿងទេសទាំងនោះចែកឱ្យជនជាតិគ្នាគេបរិភោគដែរ ជាហេតុធ្វើឱ្យតម្រូវការគ្រឿងទេសនៅអឺរ៉ុបកាន់តែមានការកើនឡើងជាលំដាប់។

ជំនួញគ្រឿងទេសរវាងពួកអឺរ៉ុបជាមួយអារ៉ាប់ និងពែក្សក៏បានកើតមាន ហើយប្រជាជននៅអឺរ៉ុបនេះគឺពិតជាត្រូវការគ្រឿងទេសសម្រាប់ផ្សំក្នុងម្ហូបអាហារខ្លាំងណាស់ ប៉ុន្តែដោយសារជម្លោះរវាងពួកអឺរ៉ុប និងពួកអារ៉ាប់ចេះតែកើតមានជារឿយៗ ក៏បានធ្វើឱ្យជំនួញគ្រឿងទេសនេះមានភាពរអាក់រអួលខ្លះ។

គ្រឿងទេសដែលកំពុងនិយាយនេះ គឺមានដូចជាម្រេច ចន្ទន៍ក្រឹស្នា ទឹកឃ្មុំ និងមុខគ្រឿងទេសមួយចំនួនទៀត។ តាមពិតទៅ ពួកអារ៉ាប់ក៏ទិញគ្រឿងទេសនេះបន្តពីនគរនៅតំបន់អាស៉ីអាគ្នេយ៍ផងដែរ ដូចជានគរខ្មែរ នគរភូមា ពិសេសគឺនគរជ្វា និងម៉ាឡេ ដូច្នេះហើយទើបមានការផ្សព្វផ្សាយសាសនាឥស្លាមទៅដល់តំបន់អាស៉ីអាគ្នេយ៍ដែនកោះ ដូចជាឥណ្ឌូណេស៉ី ម៉ាឡេស៉ី ព្រុយណេបច្ចុប្បន្ន និងអតីតនគរចាម្ប៉ាពីបុរាណជាដើម។

នៅពេលតម្លៃគ្រឿងទេសចេះតែឡើងថ្លៃ ហើយដៃគូជំនួញក៏កើតមានសង្គ្រាមនឹងគ្នាញឹកញាប់ទៀតនោះ អាណាចក្រព័រទុយហ្កាល់ក៏មានបំផុសគំនិតមុនគេក្នុងការស្វែងរកផ្លូវទៅកាន់ដែនដីដើមនៃប្រភពគ្រឿងទេស នោះគឺតំបន់អាស៉ីអាគ្នេយ៍។ នៅគ្រិស្ដសករាជ ១៤៣៤ ក្រុមសំពៅរបស់ព័រទុយហ្កាល់បានចេញដំណើរតាមផ្លូវសមុទ្រ ដើម្បីសំដៅមករកប្រជុំកោះដែលពួកគេតែងឮល្បីថា «ប្រជុំកោះគ្រឿងទេស»។ រហូតដល់គ្រិស្ដសករាជ ១៤៩៨ ទើបកងទ័ពរបស់ព័រទុយហ្កាល់ដែលដឹកនាំដោយលោកមេបញ្ជាការ ហ្វ្រាន់ស៉ីស្កូ សឺរ៉ាញ៉ូ (Francisco Serrão) បានទៅដល់ក្រុងម៉ាឡាកាមុនគេ។ នៅលើទឹកដីម៉ាឡាកានេះ គឺមានវត្តមានរបស់ពួកអារ៉ាប់មុនបាត់ទៅហើយ ដែលជាហេតុធ្វើឱ្យភាគីទាំងពីរផ្ទុះសង្គ្រាមជាមួយគ្នានៅគ្រិស្ដសករាជ ១៥១១ ប៉ុន្តែជ័យជម្នះក៏បានទៅលើកងទ័ពព័រទុយហ្កាល់ ហើយព័រទុយហ្កាល់ក៏បានគ្រប់គ្រងការធ្វើជំនួញគ្រឿងទេស និងជំនួញផ្សេងៗទៀតនៅលើទឹកដីបុរាណនេះតែម្ដង។

ឃើញដូច្នេះ មហាអំណាចអឺរ៉ុបដទៃទៀតដូចជាអេស្ប៉ាញ ហូឡង់ ក្រោយមកមានចក្រភពអង់គ្លេស និងចក្រភពបារាំង ក៏បានបញ្ចេញកងទ័ពរបស់ខ្លួនធ្វើដំណើរសំដៅមករកដែនដីថ្មីនេះតាមពីក្រោយព័រទុយហ្កាល់ ហើយក្រោយមកក៏បង្កើតឱ្យមានសង្គ្រាមដណ្ដើមដែនដីអាណានិគមជាហូរហែ រហូតដល់ផ្ទុះសង្គ្រាមលោកលើកទី១។

សូមជម្រាបថា ប្រជុំកោះគ្រឿងទេស ដែលបានរៀបរាប់ខាងលើនេះគឺជារហស្សនាមរបស់ប្រជុំកោះម៉ាលូគូ (Maluku) បច្ចុប្បន្នស្ថិតនៅប្រទេសឥណ្ឌូណេស៉ី៕