(អឺរ៉ុប)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ European Championships ឆ្នាំ២០២១ អាយុក្រោម១៧ឆ្នាំ ទាំងផ្នែកបុរស និងស្ត្រី ត្រូវបានលុបចោល ដោយសារតែផលប៉ះពាល់ ពីការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមការឲ្យដឹងពី UEFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

«ផ្អែកទៅលើការត្រួតពិនិត្យជាទៀងទាត់ នៃការវិវត្តន៍របស់ការរីករាលដាលនៃវីរ៉ុស... គណៈកម្មាធិការប្រតិបត្តិ UEFA បានសម្រេច បន្ទាប់ពីពិភាក្សា ជាមួយនឹងសមាជិកសមាគមទាំង៥៥ ដើម្បីលុបចោល ឬក៏ពន្យារពេលផ្នែកខ្លះ នៃការប្រកួតក្រុមជម្រើសជាតិយុវជន ឆ្នាំ២០២០/២០២១», ស្ថាប័ន UEFA បានឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងសេចក្តីថ្លែងការណ៍។

UEFA បានឲ្យដឹងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ European Championships អាយុក្រោម១៩ឆ្នាំ ផ្នែកបុរស នឹងធ្វើឡើងនៅខែកក្កដា នាប្រទេសរូម៉ានី, ជាមួយនឹងការប្រកួតផ្នែកស្ត្រីវិញ នឹងធ្វើឡើងនៅខែកក្កដា-សីហា នៅប្រទេសបេឡារុស្ស។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ European Championships ឆ្នាំ២០២០ ដែលត្រូវបានលើកពេលប្រកួត រយៈពេលមួយឆ្នាំនោះ នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ជំនួសវិញ៕