(ភ្នំពេញ)៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ថ្មីៗនេះបានបញ្ចេញចម្រៀងថ្មីជាបន្តបន្ទាប់ ជាការដូរចុងឆ្នាំ២០២០ សម្រាប់អ្នកគាំទ្រ ជាពិសេសចម្រៀងទាំងនោះ ប្រៀបបាននឹងការពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាថ្មី ជាមួយទឹកដមសំនៀងពីរោះមានទឹកដមមិនចេះរីងស្ងួត។ ខណៈថ្មីៗនេះ ទើបតែបញ្ចេញចម្រៀងបែបមនោសញ្ចេតនាថ្មីមួយបទទៀត មានអត្ថន័យបង្ហាញពីការតស៊ូ ជំនះឧបសគ្គ ធ្វើឲ្យទស្សនិកជនដែលបានទស្សនាហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន។

ចម្រៀងថ្មីរបស់លោក ឆាយ វីរៈយុទ្ធ ក្រោមចំណងជើងថា «ធ្វើខ្លួនឲ្យធំជាងបញ្ហា» គ្រាន់តែបញ្ចេញភ្លាម ត្រូវមានទស្សនិកជនចូលស្តាប់យ៉ាងច្រើនកុះករលើបណ្តាញសង្គម Youtube ដោយគ្រាន់តែបង្ហោះមិនទាន់បាន១ថ្ងៃផង មានអ្នកចូលទស្សនា១.២លាននាក់ទៅហើយ។ ទន្ទឹមគ្នានេះ គ្រប់គ្នាដែលបានស្តាប់បទនេះហើយ សុទ្ធសឹងតែបន្សល់ទុកនូវ Comment សរសេរបទថ្មីរបស់លោក ឆាយ វីរៈយុទ្ធមិនដាច់ពីមាត់ ថាសំនៀងនៅតែមានទឹកដម ជាពិសេសបទចម្រៀងមួយនេះ ពិតជាពីរោះនិងបង្កប់អត្ថន័យយ៉ាងខ្លាំង ព្រោះវាបានបង្ហាញពីខ្សែជីវិត តស៊ូជំនះគ្រប់បញ្ហា របស់បុរសជាប្តី ទោះបីជួបវិបត្តិការងារយ៉ាងណា នៅតែមានការតស៊ូ រហូតដល់ទទួលបានជោគជ័យ។

«យ៉ាងណាត្រូវមានកំលាំងចិត្ត ចាត់ទុកខ្លួនឯងឲ្យធំជាងបញ្ហា នៅមានខ្លួនឯងទោះគ្មានអ្នកណា កុំធ្លោយធ្លាក់ជ្រោះជ្រៅ អ្វីអាចធ្វើបាន ធ្វើវាឲ្យល្អ អ្វីមិនអាចគ្រប់គ្រងបណ្តោយវាទៅ មានមនុស្សរីករាយឆ្លងភាពសោកសៅ ចាំថ្ងៃថ្មីមកដល់...» នេះជាខ្លឹមសារដ៏មានអត្ថន័យនៃចម្រៀងថ្មីមួយបទនេះ។

តោះ! ចង់ដឹងថា បទចម្រៀងមាន ចំណងជើង «ធ្វើខ្លួនឲ្យធំជាងបញ្ហា» ពីរោះ ត្រូវចិត្តអ្នកគាំទ្រកម្រិតណានោះ សូមទស្សនាទាំងអស់គ្នា៖