(កូរ៉េ)៖ នៅទីបំផុតលទ្ធផលធ្វើតេស្តរកកូវីដ១៩ របស់សមាជិកទាំង៧នាក់ របស់ក្រុមចម្រៀង K-POP ល្បី MONSTA X បានបញ្ចេញលទ្ធផលហើយ គឺអវិជ្ជមានទាំងអស់។ ការទៅធ្វើតេស្តនេះ បន្ទាប់ពីមានសមាជិកនៃក្រុមចម្រៀងមួយនេះ បានចូលរួមក្នុងកម្មវិធីមួយ ដែលមានសេចក្តីរាយការណ៍ថា មានវត្តមានអ្នកផ្ទុកកូវីដ១៩ចូលរួមជាមួយដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

ជាក់ស្តែង នៅថ្ងៃទី១៨ ខែធ្នូ កន្លងទៅនេះ មានសេចក្តីរាយការណ៍ថា សមាជិកនៃបុគ្គលិកដែលបានចូលរួមការសម្តែង ក្នុងកម្មវិធី «The King of Mask Singer» ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកកូវីដ១៩ កាលពីថ្ងៃទី១៥ ខែធ្នូ។ ទន្ទឹមគ្នានេះ មានសមាជិក២រូបក្នុងក្រុម MONSTA X គឺលោក Minhyuk និងលោក Hihyn ដ៏បានចូលរួមផងដែរ។

ផលិតកម្ម Starship បានឲ្យដឹងថា តារាប្រុសទាំងពីរបានចូលរួមក្នុងវគ្គសួរសំនួរ តែយ៉ាងណាអ្នកទាំងពីរ រួមទាំងបុគ្គលិកដទៃទៀត បានជ្រើសរើសយកការទៅធ្វើតេសត្តរកកុវីដ១៩ ដើម្បីឲ្យប្រាកដពីសុវត្ថិភាពរបស់ពួកគេ។

យ៉ាងណាមិញ ប្រៀបបានជាដំណឹងមួយដ៏ល្អសម្រាប់អ្នកគាំទ្រក្រុមចម្រៀងប្រុសមួយនេះ ដោយលទ្ធផលធ្វើតេស្តបានបង្ហាញនៅថ្ងៃទី១៩ ខែធ្នូនេះថា សមាជិកក្នុងក្រុមទាំងអស់ គ្មានកូវីដ១៩ឡើយ៕