(ភ្នំពេញ)៖ ស្របពេលទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជា កំពុងតែឡើងកម្ដៅ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ គេសង្កេតឃើញក្លិបមួយចំនួន ពិសេសក្លិបធំៗមានការរុះរើសកីឡាករគួរឲ្យកត់សម្គាល់ ។ តែក្រឡេកមកចាប់អារម្មណ៍ ក្រុមជើងឯកបឹងកេតវិញ នៅមិនទាន់មានការប្រែប្រួលខ្លាំងនោះទេ ស្របពេលលោក បែ មករា អ្នកចាត់ការទូទៅក្រុមនាគខៀវនេះ បានលើកឡើងថា ការស្វែងរកកីឡាករល្អៗ មករួមក្រុម ហាក់ជួបការលំបាក ដោយសារវិបត្តិកូវីដ-១៩ (Covid-19)។

ជុំវិញការត្រៀមរដូវកាលក្រោយនេះ អ្នកចាត់ការទូទៅក្រុម ដែលបេក្ខភាពចូលរួមប្រកួតពាន AFC Cup 2021 ខាងលើ បានបញ្ជាក់ថា «ផែនការមួយចំនួន បានត្រៀមសម្រាប់ឆ្នាំ២០២១ ព្រោះយើងបានកូតាកៅអីលេងនៅវគ្គចែកពូល AFC Cup អញ្ចឹងយើងត្រូវរៀបចំក្រុមឲ្យប្រសើរជាងមុន ។ តែការស្វែងរកកីឡាករបរទេសល្អៗមកចូលក្នុងក្រុម មិនមែនងាយស្រួលទេ ព្រោះយើងត្រូវការពេលវេលា ហើយទាក់ទងនឹងការធ្វើដំណើររបស់ពួកគាត់ ក៏មានការរិតត្បិតផងដែរ ដោយសារ Covid-19» ។

គួរបញ្ជាក់ថា ក្រោយចប់បេសកកម្មក្នុងឆ្នាំ២០២០ ជិត ២ខែមកនេះ បឹងកេត មិនទាន់ចែកផ្លូវជាមួយកីឡាករណាម្នាក់ឡើយ ទោះបីគ្រូបង្វឹកលោក គឹម ភក្ដី ធ្លាប់បង្ហើបថា អាចនឹងមានការផ្លាស់ប្ដូរកីឡាករបរទេសមួយចំនួនក៏ដោយ ។ ជារួមក្រុមជើងឯកលីគ ៤សម័យនេះ ទើបបន្ដកុងត្រាកីឡាករបរទេស ២រូប គឺកីឡាករ Mizuno និង Anderson ហើយនាំចូលសមាជិកថ្មីម្នាក់ គឺកីឡាករ សាន គឹមហេង និងដំឡើងកីឡាករកូនកាត់ខ្មែរ-ញូហ្សេលឡែន លឹម អារុន រ៉េយមិន ពីក្រុមយុវជន មកក្រុមធំម្នាក់ប៉ុណ្ណោះ៕